(ហាណូយ)៖ វៀតណាមនឹងដកហូតពន្ធ ប្រឆាំងនឹងការលក់បង្ខូចថ្លៃ លើដែកនាំចូលពីប្រទេសចិន ដែលវិធានការនេះធ្វើឡើងបន្ទាប់ពី ចំណាត់ការពីប្រទេសកូរ៉េខាងត្បូង និងប្រទេសដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងការផ្គត់ផ្គង់ ពីប្រទេសផលិតដែកធំជាងគេ ក្នុងពិភពលោកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កាលពីថ្ងៃសុក្រថា វៀតណាមនឹងដកហូតពន្ធបណ្តោះអាសន្នលើដែក រមូរក្តៅមួយចំនួន ដែលចាប់ផ្តើមពីដើមខែមីនាតទៅ។ ប្រទេសវៀតណាម គឺជាអ្នកទិញដែកចិនធំបំផុត ហើយដែករមូរក្តៅ គឺជាផលិតផលនាំចេញដ៏សំខាន់មួយ។ប្រទេសចិនបាននាំចេញដែកច្រើនបំផុត ទៅក្រៅប្រទេសក្នុងរយៈពេលប្រាំបួនឆ្នាំគិតត្រឹមឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុនផលិតរបស់ខ្លួន បានងាកទៅរកទីផ្សារពិភពលោក ដើម្បីប៉ះប៉ូវភាពយឺតយ៉ាវក្នុងការសាងសង់ក្នុងប្រទេស។ ការណ៍នេះបានបណ្តាលឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើដកហូតពន្ធ ២៥% លើទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិកទាំងអស់ ហើយបានជំរុញឱ្យប្រទេសនានា រាប់ចាប់ពីកូរ៉េខាងត្បូងរហូតប្រេស៊ីល និងឥណ្ឌាពិចារណាដកហូតពន្ធដែរ។ការកើនឡើងកិច្ចគាំពារនិយមនឹងដាក់សម្ពាធលើទីក្រុងប៉េកាំង ឱ្យទប់ស្កាត់ឧស្សាហកម្មដែក ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួន បន្ទាប់ពីតម្រូវការក្នុងស្រុកធ្លាក់ចុះអស់ជាច្រើនឆ្នាំ។អ្នកវិភាគនានារួមទាំងលោក Jack Shang មកពីក្រុមហ៊ុន Citigroup Inc. បានសរសេរនៅក្នុងកំណត់ត្រាមួយថា ការសម្រេចចិត្តដកហូតពន្ធនាពេលថ្មីៗនេះ «គួរតែជំរុញឱ្យរដ្ឋាភិបាលចិនចាប់ផ្តើមកំណែទម្រង់ការផ្គត់ផ្គង់មួយជុំផ្សេងទៀត» ដើម្បីបង្កើនវិន័យនៃការផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណេញក្នុងឧស្សាហកម្ម។ពន្ធបណ្តោះអាសន្នរបស់វៀតណាម ដែលត្រូវដកហូតចន្លោះពី ១៩,៣៨% ទៅ ២៧,៨៣% នឹងចូលជាធរមាននៅថ្ងៃទី៧ ខែមីនា និងមានរយៈពេល ១២០ថ្ងៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕