Apple នឹងវិនិយោគ៥០០ពាន់លានដុល្លារ នៅអាមេរិក ក្នុងរយៈពេល៤ឆ្នាំ, នឹងជួលបុគ្គលិកប្រមាណ២ម៉ឺននាក់

Wait 5 sec.

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple បានឱ្យដឹងនៅថ្ងៃចន្ទថា​ ខ្លួននឹងចំណាយថវិកាជាង៥០០ពាន់លានដុល្លារ ក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខ និងជួលបុគ្គលិកប្រមាណ២០,០០០នាក់, ដែលការប្រកាសនេះ ទំនងជាផ្គាប់ចិត្តលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជំរុញឱ្យបណ្តាក្រុមហ៊ុនអាមេរិក ប្តូរមកបង្កើនការផលិតក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។«Apple នៅថ្ងៃនេះ បានប្រកាសពីការប្តេជ្ញាចិត្តចំណាយដ៏ធំបំផុត មិនធ្លាប់មានពីមុនមករបស់ខ្លួន, ជាមួយនឹងគម្រោងចំណាយ និងវិនិយោគជាង៥០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខ», នេះបើតាមក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងថា «យើងមានសុទិដ្ឋិនិយម ចំពោះអនាគតនៃការច្នៃប្រឌីតរបស់អាមេរិក ហើយនឹងមានមោទនភាព ក្នុងការកសាងលើការវិនិយោគ របស់សហរដ្ឋអាមរិក ដែលមានរយៈពេលយូរ ជាមួយនឹងការប្តេជ្ញាចិត្តវិនិយោគ៥០០ពាន់លានដុល្លារ ចំពោះអនាគតប្រទេសរបស់យើង»។ចំនួនទឹកប្រាក់នៃការវិនិយោគនេះ រួមបញ្ចូលអ្វីៗគ្រប់បែបយ៉ាង រាប់ចាប់ពីការទិញពីអ្នកផ្គតផ្គង់នៅសហរដ្ឋអាមរិក រហូតដល់ការថតកម្មវិធីទូរទស្សន៍ និងភាពយន្តនៅសហរដ្ឋអាមេរិក សម្រាប់សេវាកម្ម Apple TV+ របស់ខ្លួនផងដែរ។Apple បានឱ្យដឹងដែរថា ខ្លួននឹងជួលបុគ្គលិកប្រមាណ២០,០០០នាក់ ដោយភាគច្រើនផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍, វិស្វកម្មស៊ីលីកុន, ការអភិវឌ្ឍកម្មវិធីផ្នែកទន់, បញ្ញាសិប្បនិម្មិត និងការរៀនពីម៉ាស៊ីន៕