(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញក្ដីសង្វែកចំពោះវីដេអូបរទេសដែលក្មេងៗ រត់គេចគ្រាប់ប្លោង ដែលនេះស្ដែងឲ្យឃើញថា តម្លៃសន្ដិភាព ស្ដែងកាន់តែច្បាស់នៅពេលដែលបាត់បង់។ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ South-East Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា តំបន់អង្គរ នៅសម័យសង្គ្រាម ជាទីតាំងរត់គេចពីគ្រាប់ប្លោង មិនមែនរត់ចូលទស្សនាកម្សាន្ដ ដូចពេលនេះឡើយ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «គ្រប់គ្នានឹងឲ្យតម្លៃសន្តិភាព នៅពេលដែលវាបាត់ អ្នកដែលឆ្លងកាត់សង្គ្រាមធ្លាប់ហើយ។ ម្សិលមិញខ្ញុំជិះមកឃើញរូបក្នុងហ្វេសប៊ុកមួយនៅភូមាម្នាក់គាត់ថត ហើយមួយរណ្ដៅហ្នឹងសុទ្ធតែក្មេងៗ មានខ្លះយំ ខ្លះរត់ពួន ខ្លះសូត្រធម៌ មានអាយុប្រហែលជា ៤ឆ្នាំដល់ជាង ១០ឆ្នាំប៉ុណ្ណោះ នៅពេលដែលកាប៉ាល់ហោះត្រៀមទម្លាក់គ្រាប់បែកនៅភូមិមួយ ដែលកាន់កាប់ដោយកម្លាំងប្រឆាំងរដ្ឋបាល»។សម្ដេចបន្តថា ថ្ងៃមុនសម្ដេចទៅប្រាសាទអង្គរវត្ត មានស្ដ្រីម្នាក់ដែលធ្លាប់រស់នៅ ជិតវត្តមួយក្បែរតំបន់អង្គរ ដោយស្ដ្រីនោះបាននិយាយថា កាលពីជំនាន់នៅក្មេងៗ សម័យសង្រ្គាមផ្ទុះអាវុធម្ដងៗ គាត់តែងតែរត់ចូលពួន នៅក្នុងប្រាសាទអង្គរវត្ត ខុសពីបច្ចុប្បន្នដែលមានសន្តិភាពពេញលេញអាចឲ្យភ្ញៀវទេសចរណ៍ចូលកម្សាន្តបាន ដោយសុវត្ថិភាព។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកផងដែរថា កាលពីឆ្នាំ១៩៩០ជាង អ្នកដែលមកវិនិយោគធ្វើអូតែលដំបូងគេនៅខេត្តសៀមរាបគឺ លោក សៀង ណាំ និងមានអ្នកសើចចំអកថា វិនិយោគនៅតំបន់គេមិនទាន់ឈប់វាយគ្នា ដោយឡែកបច្ចុប្បន្នអ្នកដែលមកសៀមរាបដាក់ទុកវិនិយោគបាន គឺដោយសារ ការកើតមានឡើងនៃសន្តិភាព ដែលជាឱកាសនៅក្នុងការវិនិយោគដែលខេត្តសៀមរាបជាខេត្តមួយដែលមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិច្រើន៕