(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា កម្ពុជាត្រូវតែពង្រឹងលើការរអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ចំនួន ៣ចំណុចសំខាន់ៗបន្ថែមទៀត ព្រោះថា E-Commerce មិនត្រឹមតែជាឧបករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចនោះទេ វាគឺជាមធ្យោបាយ និងឱកាសដល់សហគ្រិនតាមជនបទ អាចលក់ផលិតផលរបស់ខ្លួនគ្រប់ទីកន្លែងលើពិភពលោក ដោយគ្រាន់តែប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ។ការលើកឡើងរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងឱកាសលោកស្រីអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ របាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។លោកស្រីបានបន្ដថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតក្របខណ្ឌវិញ្ញាបនបត្រ សម្គាល់ទំនុកចិត្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (CETS) ខណៈពេលដែលក្រសួងពាណិជ្ជកម្ម កំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបង្កើតប្រកាស ស្តីពីក្រមសីលធម៌ផងដែរ ក្នុងបំណងលើកកម្ពស់ការជឿទុកចិត្តរបស់អតិថិជន លើកកម្ពស់ការអនុវត្តអាជីវកម្មដោយយុត្តិធម៌ និងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់ សម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នៅកម្ពុជា។លោកស្រីរដ្ឋមន្ត្រីបន្ថែមថា ខណៈពេលដែលប្រទេសកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិឌ្ឍន៍តិចតួច យើងត្រូវតែត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទទួលយកការផ្លាស់ប្តូរនាពេលខាងមុខ ហើយបញ្ហាប្រឈមបែបនេះ ក៏នឹងផ្តល់នូវឱកាសយ៉ាងច្រើន សម្រាប់យើងក្នុងការទាញប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល ដើម្បីជំនួសលើបញ្ហាប្រឈមទាំងនេះផងដែរ។លោកស្រីបានថ្លែងបញ្ជាក់ថា ក្នុងនោះមាន៣ចំណុចសំខាន់ៗ ដែលកម្ពុជាចាំបាច់ត្រូវតែផ្តោត ក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនេះ៖១៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ ការពង្រីកសេវាអ៊ីនធឺណិត ការដឹកជញ្ជូន និងប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព។២៖ ការលើកកម្ពស់អក្ខរកម្មឌីជីថល៖ ធានាថាប្រជាជនកម្ពុជាទូទាំងប្រទេសមានជំនាញចាំបាច់ ក្នុងការចូលរួមសេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈជាដើម។៣៖ ការពង្រឹងការការពារអ្នកប្រើប្រាស់៖ ការបង្កើតបទប្បញ្ញត្តិច្បាស់លាស់ស្តីពីឯកជនភាពទិន្នន័យ និងការទូទាត់ត្រលប់ និងបង្កើតក្របខ័ណ្ឌវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងជួយលើកទឹកចិត្តអ្នកប្រើប្រាស់ កាន់តែច្រើនឱ្យចូលរួមជាមួយទីផ្សារអនឡាញ។លោកស្រីរដ្ឋមន្ត្រីបានលើកឡើងទៀតថា «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនត្រឹមតែជាឧបករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចនោះទេ វាគឺជាមធ្យោបាយនៃការផ្តល់ភាពខ្លាំង និងជឿជាក់ដល់សហគមន៍ តាមរយៈការបង្កើតឱកាស និងការផ្លាស់ប្តូរ ជាក់ស្ដែងសហគ្រិនតាមជនបទ អាចដាក់លក់ផលិតផលរបស់ខ្លួន ដល់គ្រប់ទីកន្លែងក្នុងពិភពលោក ដោយគ្រាន់តែប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ»។លោកស្រីរដ្ឋមន្រ្ដី បានលើកទឹកចិត្តឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការជំរុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនេះ ឱ្យកាន់តែផុសផុល តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ី ពាណិជ្ជកម្មអេឡិចត្រូនិកដ៏រីកចម្រើន ដើម្បីជួយឱ្យកម្ពុជាឈានទៅរកអនាគតឌីជីថល និងប្រកួតប្រជែងបាននៅលើឆាកពិភពលោក៕