រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់បណ្តាអង្គការស៊ីវិល ឱ្យចូលរួមក្នុងវិស័យកសិកម្ម ការពារធនធានធម្មជាតិ ជាពិសេសគឺចូលរួមផ្តល់ព័ត៌មានពិតក្នុងសង្គម

Wait 5 sec.

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកទឹកចិត្តដល់បណ្តាអង្គការស៊ីវិល ឱ្យចូលរួមក្នុងវិស័យកសិកម្ម ការពារធនធានធម្មជាតិ ជាពិសេសគឺចូលរួមផ្តល់ព័ត៌មានពិតក្នុងសង្គម។លោករដ្ឋមន្ត្រីបានធ្វើឡើងនាឱកាសដែលលោក បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ដែលមានគោលបំណងចង់ស្វែងយល់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។សូមបញ្ជាក់ជូនថា សមាគមអង្គការស៊ីវិល មានគោលបំណងស្នើសុំគោលការណ៍ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់ លោករដ្ឋមន្រ្តី ទាក់ទងនឹងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានយល់ដឹងកាន់តែច្បាស់ និងផលប្រយោជន៍ផ្សេងៗ។ជាការឆ្លើយតប លោក ឌិត ទីណា បានពន្យល់បកស្រាយ និងលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ ការចងក្រងសហគមន៍កសិកម្មទំនើប ធ្វើយ៉ាងណាថែរក្សានិរន្តរភាពស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តដល់បណ្តាអង្គការ សមាគមមិនមែនរដ្ឋាភិបាលនានា ចូលរួមក្នុងវិស័យកសិកម្ម ការពារធនធានធម្មជាតិ ផ្តល់ព័ត៌មានពិតក្នុងសង្គមឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលជាផលលំបាកដល់ប្រជាកសិករ និងអាចប៉ះពាល់ដល់បញ្ហាថ្លៃកសិផលផងដែរ៕