(កំពង់ចាម)៖ លោកបណ្ឌិត ឈឹម ប៊ុនណារិទ្ធ នាយកសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តកំពង់ចាម (CUS) នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកម្មវិធីតម្រង់ទិសដល់សមណនិស្សិត និងនិស្សិត ដើម្បីភាពជោគជ័យក្នុងការងារនិងមុខរបរ និងប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ និងមេដាយដល់និស្សិតឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង (ជំនាន់ទី១៩ ទី២០ និងទី២១)។លោកបណ្ឌិត ឈឹម ប៊ុនណារិទ្ធ បានថ្លែងក្នុងឱកាសបើកកម្មវិធីនោះថា គោលបំណងនៃកម្មវិធីតម្រង់ទិសនេះ ពិតជាមានអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់សមណនិស្សិត និងនិស្សិតគ្រប់កម្រិតដែលមានវត្តមាននៅទីនេះ ដើម្បីលើកកម្ពស់សម្ថភាព និងគុណភាពសមណនិស្សិត និងនិស្សិតឈានទៅទទួលបានភាពជោគជ័យក្នុងការងារនិងមុខរបរ។លោកនាយកសាខាបានថ្លែងបន្តថា ដោយឈរលើបាវចនា «បណ្តុះបណ្តាលដើម្បីការងារនិងមុខរបរ បណ្តុះបណ្តាលដើម្បីភាពជោគជ័យក្នុងការងារនិងមុខរបរ» សាកលវិទ្យាល័យមិនត្រឹមតែខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរនោះទេ ថែមទាំងព្យាយាមរិះរកគ្រប់វិធីក្នុងការលើកកម្ពស់សម្ថភាព និងគុណភាពនិស្សិត ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទីផ្សារការងារដែលតែងតែប្រែប្រួលនៅក្នុងបរិបថ សាកលភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់។ជាក់ស្ដែង តាមរយៈកម្មវិធីតម្រង់ទិសនេះសរបញ្ជាក់ឱ្យឃើញថា សាកលវិទ្យាល័យពិតជាបានត្រៀមចិត្តត្រៀមកាយ និងលក្ខណសម្បត្តិរួចជាស្រេចក្នុងការអភិវឌ្ឍសម្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបដោយជាវិជ្ជមានទៅនឹងបញ្ហាប្រឈមនានានាពេលអនាគត៕