(តាកែវ)៖ រថយន្ដប្រភេទបែនដឹកខ្សាច់ (កង់៦) បានបុកអ្នកជិះកង់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នាវេលាម៉ោង៥៖១០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមត្ថកិច្ចមិនទាន់រករថយន្ដបង្ក និងអ្នកបើកបរឃើញឡើយ។បើតាមក្រុមគ្រួសារសាច់ញាតិ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ម៉ម ឈីម ភេទប្រុស អាយុ៦៦ឆ្នាំ បានជិះកង់ហាត់ប្រាណនៅតំបន់ខាងលើ ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ដបង្កបុក បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនតាមផ្លូវទៅមន្ទីរពេទ្យ។ ដោយឡែក អ្នកបើកបររថយន្ដបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនទាន់ស្រាវជ្រាវរកឃើញរថយន្ដ និងអ្នកបើកបរនៅឡើយទេ។ផ្អែកតាមការឆែកកាមេរ៉ារបស់ក្រុមគ្រួសារសាច់ញាតិ បានឃើញថា រថយន្ដដែលសង្ស័យជាប្រភេទរថយន្ដបែនដឹកខ្សាច់កង់៦ ពណ៌ស មិនឃើញផ្លាកលេខ (ពេលកើតហេតុកំពុងដឹកខ្សាច់)។តាមរយៈការប្រដេញកាមេរ៉ាសុវត្ថិភាព បានប្រទះឃើញរថយន្ដនេះបន្ដដំណើរដល់ចំណុចភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ហើយឆ្ពោះទៅភូមិក្រាំងយ៉ូវ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (តំបន់កំពុងជួសជុលផ្លូវ) ចន្លោះម៉ោង០៥៖៣០នាទីព្រឹក (ក្រោយកើតហេតុ)។ជាមួយគ្នានេះ ក្រុមគ្រួសារសាច់ញាតិ បានអំពាវនាវលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ជួយស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្ដបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ក្នុងករណីត្រូវការជួយសហការជាមួយក្រុមគ្រួសារ ដើម្បីបន្ដឆែកកាមេរ៉ាសុវត្ថិ ពួកគាត់ត្រៀមខ្លួនដើម្បីសហការជានិច្ច។ក្រុមគ្រួសារមិនទាន់អស់ចិត្ត ចំពោះប្រតិបត្តិការស្រាវជ្រាវរបស់សមត្ថកិច្ច ពិសេសអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ខណៈតម្រុយខ្លះត្រូវបានបង្ហាញ តែសមត្ថកិច្ចហាក់មិនពន្លឿនការស្រាវជ្រាវ និងចេះតែអូសបន្លាយទំនងចង់ឲ្យចង់ស្ងប់ស្ងាត់តាមពេលវេលា៕