(កំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក យឹម សុីណន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយឃុំស្នាយអញ្ជិត បានដឹកនាំក្រុមការងារមកពីប្រទេសកូរ៉េខាងត្បូង រួមជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះជួយឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត នាំយកសម្ភារៈសិក្សា ជូនសិស្សនៅសាលាបឋមសិក្សា អនុវិទ្យាល័យព្រៃឃ្ជាយ និងមត្តេយ្យសិក្សាសហគមន៍ចំនួន ៥២១នាក់។សម្ភារសិក្សាដែលនាំជូនសិស្សនាពេលនោះ ក្នុងសិស្សម្នាក់ទទួលបានសៀវភៅពីរក្បាល ប៊ិច២ដើម និងថវិកា ៥,០០០រៀល។ ដោយឡែកលោកគ្រូ អ្នកគ្រូចំនួន ២៥នាក់ ក្នុងគ្រូម្នាក់ ទទួលបានសារ៉ុង១ ក្រម៉ា១ និងថវិកាចំនួន ២០,០០០រៀល។សម្រាប់លោក យឹម ស៊ីណន សម្ភារសិក្សា និងថវិកាមានទំហំតិចតួច ប៉ុន្តែនេះជាវប្បធម៌នៃការចែករំលែករួមចំណែកជួយដល់សិស្សនៅតាមទីជនបទ។លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានថ្លែងអំណរគុណដល់លោក យឹម ស៊ីណន ក៏ដូចជាសប្បុរសជនមកពីប្រទេសកូរ៉េខាងត្បូង ដែលបាននាំយកសម្ភារសិក្សា និងថវិកាជូនដល់សិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ៕