លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន មានកំណើតជាខ្មែរក្រោម អញ្ជើញចូលរួមសម្ពោធស្ពាននាគ នៅខេត្តក្រមួនសរ ទឹកដីខ្មែរក្រោម

Wait 5 sec.

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សាន សាង ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកមានកំណើតមក​ពីទឹក​ដីខ្មែរ​ក្រោម​ដែរនោះ បានអញ្ជើញចូលរួមសម្ពោធស្ពាននាគ នៅក្នុងស្រុកចូវថាញ់ ខេត្តក្រមួន​សរ ទឹកដីខ្មែរក្រោម។ស្ពាននាគ ជាសមិទ្ធផលដឹកនាំកសាងដោយព្រះតេជគុណ​ យ៉ញ​ អ៊ុក​ អនុគណ​ស្រុក​ចូវ​ ថាញ់ និងជាលេខាសាលាគណ​ខេត្ត​ក្រមួនសរ​។ ព្រះតេជគុណបានដឹកនាំកសាងស្ពាន​ ប្រើ​រចនាបថនាគខ្មែរចំនួនប្រមាណ២០ស្ពាន នៅតាមភូមិដែលមានប្រជាពលរដ្ឋខ្មែរក្រោមរស់​នៅ​ភាគច្រើន ដើម្បីបានជាប្រយោជន៍ដល់ការធ្វើដំណើរ ក៏ដូចជាការប្រកបរប​រចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ។ ថវិកាកសាងស្ពានទាំងនេះ បានមកពីសប្បុរសជននានា តាមរយៈការអំពាវនាវ និង​កៀរគរពីសំណាក់ព្រះតេជគុណ យ៉ញ អ៊ុក។ពិធីសម្ពោធស្ពាននាព្រឹកថ្ងៃនេះ ត្រូវបានធ្វើឡើងក្រោមបរិយាកាសដ៏សប្បាយរីករាយ។ ក្រៅ​ពី​ការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម​ហើយ​នោះ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សាន សាង ដែលជាអ្នកមាន​កំណើតលើទឹកដីខ្មែរក្រោម និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា​។ព្រះតេជគុណ យ៉ញ អ៊ុក បានសម្តែងព្រះទ័យសប្បាយរីករាយជាខ្លាំង ចំពោះកម្មវិធី​សម្ពោធ​ស្ពាននេះ។ សប្បាយទី១នោះ ព្រោះហេតុបានស្ពានជាប្រយោជន៍ដល់ការរស់នៅ​របស់​ពលរដ្ឋខ្មែរក្រោម ហើយអ្វីដែលកាន់តែរីករាយថែមទៀត សម្រាប់ព្រះតេជគុណ យ៉ញ អ៊ុក គឺបានការអញ្ជើញចូលរួមពីសំណាក់លោក សាន សាង ដែលជាមន្ត្រីជាន់ខ្ពស់​របស់ខ្មែរមួយរូប។ព្រះតេជគុណ យ៉ញ អ៊ុក ចាត់ទុកវត្តមានរបស់លោក សាន សាង ក្នុងពិធីនេះ គឺជារឿង​មួយ​ដ៏កម្រ។លោក សាន សាង បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយក្រៃលែង ចំពោះការបានចូល​រួមក្នុងពីធីសម្ពោធសមិទ្ធផលជាមួយព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋខ្មែរក្រោម​នៅក្នុង​ខេត្តក្រមួនសរ។ លោក សាន សាង បានបញ្ជាក់ថា ការអញ្ជើញចូលរួមក្នុងពិធីនេះ គឺ​ទទួល​បានការអនុញ្ញាតដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។លោក សាន សាង បានចាត់ទុកការចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនេះ គឺជាការផ្សារ​ភ្ជាប់ទំនាក់ទំនងមួយដ៏ល្អរវាងមន្ត្រីរាជការខ្មែរ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរក្រោម។ លោក សាន សាង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យ​រូប​លោកបានចូលរួមក្នុងពិធីសម្ពោធស្ពាននាគនៅលើទឹកដីខ្មែរក្រោម។តាមរយៈក្តីអនុញ្ញាតរបស់សម្តេចតេជោ, លោក សាន សាង បានចាត់ទុកជាទឹកចិត្តគិត​គូរ នឹករលឹករបស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរក្រោម ដូចប​ានស្តែងច្បាស់តាមរយៈ​ការ​រៀបចំ​អ​ង្គ​កឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅវត្តស្វាយ​សៀមថ្មីកាល​ពីឆ្នាំ​២០​២៤កន្លងទៅ៕