គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ

Wait 5 sec.

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំទ្វេភាគីជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម និងកិច្ចប្រជុំកំពូលត្រីភាគីរវាងបក្សប្រជាជនកម្ពុជា, បក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ។គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដែលអញ្ជើញអមដំណើរសម្តេចតេជោ ចូលរួមក្នុងកិច្ចប្រជុំរវាងគណបក្សដឹកនាំប្រទេសកម្ពុជា, វៀតណាម និងឡាវនេះ រួមមាន៖ សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោក ស សុខា និងលោក ទៀ សីហា ផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនៅប្រទេសវៀតណាម បានចែកចេញជាពីដំណាក់កាល។ ដំណាក់កាលទី១ គឺធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តវៀតណាម។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងការិយាល័យ​នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយលោក តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម។ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាង​ក្រៃ​លែង ចំពោះការរីកចម្រើនឥត ឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់​ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិត ស្និទ្ធរវាងប្រទេសទាំងពីរ​លើ​គ្រប់​វិស័យមានជាអាទិ៍៖ នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជ​កម្ម វប្បធម៌ អប់រំ និងទេសចរណ៍ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាព​ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និង​ប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និង​អន្តរជាតិ ព្រមទាំងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ​ក្នុង​ឆ្នាំបន្តបន្ទាប់។យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលនេះ ភាគីវៀតណាម បានអបអរសាទរដល់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំ​ប្រកបដោយ​ភាពជោគជ័យ ចំពោះកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ក្នុងឆ្នាំ២០២៤ ទាំងក្នុងក្របខណ្ឌ​គណបក្ស សភា និង រាជរដ្ឋាភិបាល ជាពិសេសការអនុម័តធម្មនុញ្ញសន្តិភាពសកល និង​ការ​លើកកម្ពស់ពិភពលោកមួយដែលគ្មានមីន។ភាគីកម្ពុជា ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់វៀតណាមក្នុងការកសាង និង​អភិ​វឌ្ឍ​ប្រទេស។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំង​អនុវត្តស្មារតី​កុងសង់ស៊ីសរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរក្នុងកិច្ចប្រជុំកន្លងមក ដើម្បី​លើក​កម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយ​គាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនង រវាងប្រទេស​ទាំងពីរ​ឱ្យ​បានទាន់ពេល និងមានប្រសិទ្ធភាព ដោយបានបង្កើនជំនឿទុកចិត្តគ្នាទៅ​វិញ​ទៅមក​ក្នុងភាពជាមិត្តជិតខាងល្អ។ភាគីទាំងពីរនឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងយុវជន នៃគណបក្ស និងប្រទេស​ទាំងពីរ ដើម្បីជាស្ពានតភ្ជាប់បន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-​វៀតណាម ក្នុងស្មារតី «តភ្ជាប់ យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។ភាគីទាំងពីរក៏នឹងបន្តគាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ​គណបក្ស សភា រាជរដ្ឋាភិបាល និងអង្គការមហាជនរវាងប្រទេសទាំងពីរ ដើម្បីចូលរួម​ក្នុង​ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក។សម្រាប់ដំណាក់កាលទី២ ធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកិច្ចប្រជុំកំពូល​រវាង​គណបក្សទាំងបីកម្ពុជា-ឡាវ-វៀតណាម ដោយមានការអញ្ជើញចូលរួមពីលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ និង​ឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ឡាវ រួមទាំងមានការអញ្ជើញចូល​រួម​ដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំងបីផងដែរ។កិច្ចប្រជុំកំពូលនេះធ្វើឡើងពិភាក្សាអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហ​ប្រតិ​បត្តិការរវាងគណបក្សទាំងបីកម្ពុជា-ឡាវ-វៀតណាម ក្នុងស្មារតីគោរពគ្នាទៅ​វិញ​ទៅ​មក ដើម្បីឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ប្រជាជននៃប្រទេសទាំងបី។ភាគីទាំងបីក៏បានពិភាក្សាអំពីការជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ច​សហ​ប្រតិបត្តិការ និងការអភិវឌ្ឍ និងបានប្តេជ្ញាចិត្តចូលរួមជំរុញ និងពង្រឹងសហ​គមន៍អា​ស៊ាន ដើម្បីការពារសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មសេដ្ឋ​កិច្ច និង​សន្តិ​សុខតំបន់និងពិភពលោក ជាពិសេសនៅក្នុងបរិបទនៃសភាពការណ៍អន្តរជាតិ និង​ភូមិសាស្ត្រនយោបាយ បន្តប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន ស្មុគស្មាញ និង​ផុយ​ស្រួយ។ភាគីទាំងបីបន្តពង្រឹង និងពង្រីកប្រកបដោយប្រសិទ្ធភាពបណ្ដាយន្តការ​សហប្រតិ​បត្តិការ​ដែលមាន ស្រាប់ ស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី ក្នុងនោះរួមមាន៖ ការផ្សព្វ​ផ្សាយ និងការតភ្ជាប់បណ្តាញ សន្តិភាពសកល គំនិតផ្ដួចផ្ដើមតំបន់នានា សំដៅលើក​កម្ពស់ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការកសាង និងការពារ​សន្តិ​ភាព វិបុលភាពតំបន់ និងពិភពលោក។ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចប្រជុំកំពូលទ្វេភាគី​កម្ពុជា​-វៀតណាម ព្រមទាំងកិច្ចប្រជុំកំពូលគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ទទួលបាន​លទ្ធផលល្អប្រសើរ ដែលជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្ដម​ដល់ការពង្រឹងពង្រីកចំណង​មិត្ត​ភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងប្រទេស​ទាំង​ពីរកម្ពុជា-វៀតណាម និងរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។ថ្នាក់ដឹកនាំនៃគណបក្សទាំងបីបានឯកភាពគ្នាជួបប្រជុំកំពូលនៅ​កម្ពុជា នាឆ្នាំ២០២៦ខាងមុខ។កិច្ចប្រជុំធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី២១ និង ២២ ខែកុម្ភៈ ឆ្នាំ២០២៥។ ខាងក្រោមជាលទ្ធផលកិច្ចប្រជុំ៖