បណ្ឌិត អ៊ាង សុផល្លែត ពន្យល់ពីភាពយឺតយ៉ាវមួយចំនួននៅក្នុងដំណាក់កាលវាយតម្លៃប៉ះពាល់បរិស្ថាន (EIA) និងបញ្ជាក់ជំហរពន្លឿនបញ្ហានេះឱ្យឆាប់រហ័ស (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានពន្យល់ពីភាពយឺតយ៉ាវមួយចំនួននៅក្នុងដំណាក់កាលវាយតម្លៃប៉ះពាល់បរិស្ថាន (EIA) និងបញ្ជាក់ជំហរពន្លឿនបញ្ហានេះឱ្យឆាប់រហ័ស ដោយបញ្ជាក់ថាការចុះកិច្ចសន្យា​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ត្រូវធ្វើឡើងក្នុងរយៈពេលតែ១សប្តាហ៍ប៉ុណ្ណោះ ចាប់ពីឆ្នាំនេះទៅ។ការចេញមកពន្យល់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺជាការឆ្លើយតប និងពន្យល់ពីហេតុផល ក្រោយពីមានការលើកឡើងពីភាពយឺតយ៉ាវក្នុងដំណើរការចុះកិច្ចសន្យាលើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន នាពេលកន្លងមក។ក្នុងឱកាសឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ, លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការពិតមានការយឺតយ៉ាង និងមានការលឿន។ ខ្ញុំបានដាក់គោលការ​ណ៍ ​ចេ​ញថ្មីៗនេះហើយ ប្រហែលជាខែមុន។ ការចុះកិច្ចសន្យា ខ្ញុំមិនឱ្យលើសពី១សប្តាហ៍ទេ។ កិច្ចសន្យាហ្នឹង១សប្តាហ៍ចេញជូន ប៉ុន្តែក្រុមហ៊ុន ត្រូវអនុវត្តតាមគោលការណ៍ ដែលដាក់ចេញដោយក្រសួងបរិស្ថាន។ កិច្ចសន្យាយើងមានគោលការណ៍របស់យើង គឺត្រូវធ្វើនេះ ធ្វើនេះ ខ្ញុំស៊ីញជូនក្រុមហ៊ុនត្រូវធ្វើតាម»។បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានពន្យល់ថាការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ មាន៣កម្រិត គឺទី១៖ ការចុះកិច្ចសន្យាជាមួយគ្នា, ទី២៖ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន «បឋម» និងទី៣៖ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន «ពេញលេញ»។លោករដ្ឋមន្រ្តីបញ្ជាក់ថា៖ «ការយឺតយ៉ាវ ជូនកាលក្នុង១សប្តាហ៍ ក្រុមហ៊ុនគ្រាន់តែគាត់ផ្ញើឯកសារពីប្រទេសគាត់មកខ្មែរ វាមិនទាន់ទេ។ អញ្ជឹងការយឺតយ៉ាវហ្នឹងសួរថា មកពីក្រសួងបរិស្ថាន ឬមកពីគាត់? វាមានទាំង២ ដៃទះ ដៃទាំង២បានឮ។ អ៊ឹចឹងងទេ ចំពោះក្រសួងបរិស្ថាន តាមគោលការណ៍ថ្មីរបស់យើង គឺ១សប្តាហ៍ បើមានឯកសារគ្រប់គ្រាន់មក ត្រូវតែចេញ។ បើមិនគ្រប់គ្រាន់ទេសុំទោស ខ្ញុំធ្វើវាមិនកើត»។ដូចគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ចំពោះការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន «បឋម» នឹងត្រូវចេញជូនក្រុមហ៊ុន ក្នុងរយៈពេលយ៉ាងយូរបំផុត៣ខែ ប្រសិនបើមានឯកសារគ្រប់គ្រាន់ និងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង។លោកបណ្ឌិត បានគូសបញ្ជាក់ថា ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សំខាន់ណាស់។ បើសិនណាយើងធ្វើអ្វីមួយ ដោយមិនបានវាយតម្លៃផលប៉ះពាល់បរិស្ថានទេ យើងមិនដឹងថាតើ អ្វីដែលយើងធ្វើនឹងប៉ះពាល់ដល់បរិស្ថានបែបណានោះទេ ហើយកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលមានមុំ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាត គឺភាពស្អាតនៅលើមេឃ នៅលើដី និងនៅលើទឹកផងដែរ។ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថានគឺសិក្សា ពីផលប៉ះពាល់បរិស្ថានទៅលើផ្ទៃមេឃ លើផ្ទៃដី និងផ្ទៃទឹក ដើម្បីឱ្យដឹងពីកម្រិតនៃផលប៉ះពាល់។ក្រោយពេលដែលសិក្សាឃើញហើយ នោះក្រសួងនឹងណែនាំឱ្យក្រុមហ៊ុនវិនិយោគនោះ ធ្វើយ៉ាងណា ដើម្បីបញ្ចៀសឱ្យខាងតែបានលើផលប៉ះពាល់ទាំងនោះ។ ដើម្បីកុំឱ្យផលប៉ះពាល់ទាំងនោះនាំទៅដល់ផលវិបាកដល់សង្គមផង និងដល់សុខភាពប្រជាពលរដ្ឋផង។​លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា៖ «អ្វីដែលសំខាន់ជាងហ្នឹងទៀតនោះ គឺចង់ធានាឱ្យបាននូវការវិនិយោគមួយ ដែលនាំមកនូវចីរភាពទាំងការវិនិយោគ ទាំងការងារដែលប្រជាជនទទួលបានពីការវិនិយោគហ្នឹងផង។ យើងអត់ចង់បានទេ នូវការវិនិយោគមួយ ដែលនាំឱ្យបំពុលបរិស្ថានហើយគ្មានចីរភាព សម្រាប់សង្គមយើង សម្រាប់សេដ្ឋកិច្ចកម្ពុជាយើង»៕