លោក រ៉ូ ប៊ីនណៃ ដឹកនាំមន្ត្រីចុះត្រួតពិនិត្យស្ថានភាពជនជាប់ឃុំ និងបន្ទប់ឃុំឃាំង នៅមណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ

Wait 5 sec.

(ភ្នំពេញ)៖ ដោយមានការចាត់តាំងពី លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិ​ប្រឆាំង​ទារុណកម្ម លោក រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថាន​ភាព​ជនជាប់ឃុំ និងបន្ទប់ឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគាររាជធានី​ភ្នំពេញ (PJ) ដើម្បីធានាការពារសិទ្ធិ និងសុខមាលភាពជនជាប់ឃុំ និងដើម្បីពង្រឹង​សមត្ថ​ភាព​មន្ត្រី​គ្រប់គ្រងមន្ទីរឃុំឃាំងឱ្យបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបាន​ត្រឹមត្រូវ​ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈស្របតាម​ច្បាប់ និងលិខិតបទដ្ឋានជាតិ-អន្តរជាតិ​ពាក់ព័ន្ធ​នានា។លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌល​អប់រំ​កែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​វត្ត​មានគណៈ​ប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងបានធ្វើសេចក្តីរាយការណ៍​ថា ការគ្រប់គ្រងជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ប្រកាន់ខ្ជាប់នូវវិធានបទ​ដ្ឋានអប្ប​បរិមា និងអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ ព្រមទាំងវិធានណេល​សុន ម៉ាន់ដឺឡា (The Nelson Mandela Rules) ជាពិសេសនីតិវិធីច្បាប់ស្តីពីពន្ធ​នា​គារ និងលិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធផ្សេងទៀត សំដៅលើកកំពស់សិទ្ធិជនជាប់ឃុំ រួម​ទាំងជនជាប់ឃុំដែលជាមនុស្សស្រលាញ់ភេទដូចគ្នា ឬមនុស្សប្តូរភេទ (LGBTQ)។ មណ្ឌល​អប់រំកែប្រែទី១ ក៏ប្រកាន់ខ្ជាប់នូវគោលការណ៍កិច្ចសហប្រតិបត្តិការបើកចំហរ​ជាមួយ​ស្ថាប័នសិទ្ធិមនុស្ស និងដៃគូអភិវឌ្ឍនានា ក្នុងន័យស្ថាបនាឱ្យកាន់តែមានភាព​ល្អ​ប្រសើរឡើងនៅក្នុងពន្ធនាគារ។លោកបានបន្ថែមថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មណ្ឌលអប់រំកែប្រែទី១ បាន​និង​កំពុងបង្កើនការបង្កលក្ខណៈដល់ក្រុមគ្រួសារសាច់ញាតិឲ្យបានជួបសួរសុខទុក្ខជនជាប់ឃុំ បានយ៉ាងងាយស្រួល។ ជាមួយគ្នានេះ លោក កំពុងតែព្យាយាមអភិវឌ្ឍ​បន្ថែម​លើការ​ងារជួបសួរសុខទុក្ខពីសំណាក់ក្រុមគ្រួសារសាច់ញាតិជនជាប់ឃុំ ដោយធ្វើទំនើប​កម្មផ្អែក​លើបច្ចេកវិទ្យាព័ត៌មាន ស្របតាមយុទ្ធសាស្រ្តបញ្ច​កោណ តំណាក់កាលទី១ របស់រាជ​រដ្ឋា​ភិបាល។លោក រ៉ូ ប៊ីនណៃ បានលើកឡើងថា ការចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តាពន្ធនាគារ និងកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេស គឺជាការអនុវត្តតួនាទី ភារកិច្ចដែលរាជ​រដ្ឋាភិបាលប្រគល់ឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដើម្បីបង្ការ ទប់ស្កាត់ និង​ប្រឆាំងទារុណកម្មគ្រប់ទម្រង់ និងដើម្បីពង្រឹងកិច្ចការពារជនទាំងឡាយដែលត្រូវបាន​ដក​ហូតសេរីភាពឱ្យរួចផុតពីទារុណកម្ម និងអំពើឃោឃៅ អមនុស្សធម៌ និងការធ្វើទុក្ខ​បុក​ម្និញ​នានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់​សិទ្ធិ​មនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។លោកបានបន្តថា ការចុះត្រួតពិនិត្យនេះ ក៏ជាការអនុវត្តតាមអនុសាសន៍ណែនាំ​ដ៏ខ្ពង់​ខ្ពស់​របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែល​បានណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តចុះត្រួតពិនិត្យតាមដា​នឱ្យបាន​ទៀង​ទាត់កន្លែងឃុំឃាំងនានា ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅរបស់ជនដែល​ត្រូវ​បាន​ដកហូតសេរីភាព និងបន្តផ្តល់អនុសាសន៍ ដល់មន្ត្រីគ្រប់គ្រងកន្លែងដកហូត​សេរី​ភាព។លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមមគ្គុទេសក៍ដឹកនាំប្រកប​ដោយ​ភាពស្វាហាប់ និងពោពេញដោយសមត្ថភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឆន្ទៈយ៉ាងមុះមុតក្នុងការគោរព ការពារ និងលើក​កម្ពស់​សិទ្ធិមនុស្សនៅកម្ពុជា អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។លោកបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិ​ប្រឆាំង​ទារុណកម្ម ក្រោមការដឹកនាំរបស់លោក នុត សាអាន មានការប្តេជ្ញាចិត្តខ្ពស់ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងទារុណកម្មគ្រប់ទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាម​តួនាទីភារកិច្ចរបស់ខ្លួន ច្បាប់ជាតិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ​នានាដែល​កម្ពុជា​ជារដ្ឋ​ភាគី។លោកក៏បានក្រើនរំលឹកដល់មន្រ្តីគ្រប់គ្រងកន្លែងដកហូតសេរីភាពឱ្យបំពេញតួនាទីរបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស ស្របតាមបទបញ្ជាផ្ទៃក្នុង ច្បាប់ជាតិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនានា ដើម្បីប្រសិទ្ធិភាពការងារ ហើយត្រូវ​ចៀស​ឱ្យឆ្ងាយពីការប្រព្រឹត្តអំពើមិនគប្បី អំពើអមនុស្សធម៌ ឬទារុណកម្មលើជន​ដែលត្រូវ​បានដកហូតសេរីភាព។