សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា សម្រាប់រយៈពេល៣ឆ្នាំ

Wait 5 sec.

(សៀមរាប)៖ សវនករស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា JQA នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001: 2015 ក្នុងបំណងដើម្បីបញ្ជាក់ថា តើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បន្តអនុលោមជាប្រចាំ ស្របតាមស្ដង់ដាដែរឬទេ។លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រោមការដឹកនាំពីមន្រ្តី និងបុគ្គលិកពាក់ព័ន្ធតាមនាយកដ្ឋានជំនាញបានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គររបស់អាជ្ញាធរជាតិអប្សរា បន្តមានភាពល្អប្រសើរ និងទទួលកម្រិតស្ដង់ដាពីស្ថាប័នធានាគុណភាពជប៉ុន JQA ជាបន្តបន្ទាប់ ហើយនេះជាឆ្នាំទី១៩ហើយ។ លោកសង្ឃឹមថា ក្រោយពីសវនកម្មផ្ទៃក្រៅលើកនេះរួច អាជ្ញាធរជាតិអប្សរានឹងបន្តទទួលបានកម្រិតស្ដង់ដាផ្នែកបរិស្ថានបន្តទៀត សម្រាប់រយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥-២០២៧។ក្នុងនាមស្ថាប័នដែលគិតគូរពីបរិស្ថានខ្ពស់ លោកអគ្គនាយករងបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបាននិងកំពុងធ្វើការភ្ជាប់ខ្លួនទៅនឹងការងារបរិស្ថាន ដែលជាគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន។ តំណាងឱ្យលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏ដូចជាស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល លោក ឡុង កុសល បានសម្តែងការគោរព និងអរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារប្រកបទៅដោយការយកចិត្តទុកដាក់ និងមានការលះបង់ខ្ពស់ ចំពោះសកម្មភាពការងារដ៏មានតម្លៃមួយនេះ។តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា លើកឡើងថា ចំណុចដែលត្រូវយកមកពិនិត្យនៅក្នុងសវនកម្មផ្ទៃក្រៅនាពេលនេះ មានដូចតទៅ៖ ទី១ ពិនិត្យលើសវនកម្មផ្ទៃក្នុង និងត្រួតពិនិត្យការគ្រប់គ្រង ទី២ ពិនិត្យសវនកម្មលើកមុនដែលមិនមានភាពមិនអនុលោម ទី៣ ឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅនឹងមតិផ្សេងៗពីមជ្ឍដ្ឋានខាងក្រៅ ទី៤ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទៅលើការសម្រេចគោលបំណង ទី៥ ស្ថានភាពរីកចម្រើនទៅមុខសម្រាប់សកម្មភាពកែលម្អជាបន្តបន្ទាប់ ទី៦ ការគ្រប់គ្រងប្រតិបត្តិការជាប្រចាំដែលបានចារនៅក្នុងសៀវភៅគ្រប់គ្រងបរិស្ថាន ទី៧ ការផ្លាស់ប្តូរផ្សេងៗនៅក្នុងប្រព័ន្ធគ្រប់គ្រង ទី៨ ភាពសមស្របនៃការប្រើប្រាស់ស្លាកសញ្ញាចុះបញ្ជី និងការបោះពុម្ពផ្សាយ ព័ត៌មានដែលបានចុះបញ្ជី។សូមបញ្ជាក់ថា ការធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ដោយស្ថាប័នធានាគុណភាពជប៉ុន (JQA) មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយធ្វើសវនកម្មចំនួន៤នាយកដ្ឋាន និង១អង្គភាព៕