(មណ្ឌលគិរី)៖ ជារៀងរាល់ឆ្នាំក្រុមហ៊ុនចម្រាញ់រ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) ដែលជាក្រុមហ៊ុនឧស្សាហកម្មមានមូលដ្ឋាននៅអូស្រ្តាលី ក្រៅតែពីចម្រាញ់រ៉ែមាសរបស់កម្ពុជា ក៏បានចូលរួមចំណែកនៅក្នុងថែរក្សាបរិស្ថាន និងសហគមន៍ និងសុវត្ថិភាពការងារ ស្របតាមស្តង់ដារអន្តរជាតិ។ នេះបើការបញ្ជាក់ពីលោក ចិន មិត្ត ជាពលរដ្ឋខ្មែរកម្ពុជាក្រោម មកពីខេត្តពលលាវ ហើយបច្ចុប្បន្នលោកគឺជាអ្នកជំនាញផ្នែកបរិស្ថាន និងសហគមន៍ ប្រចាំក្រុមហ៊ុនចម្រាញ់រ៉ែមាស រ៉ឺនេសង់ មីនើរ៉លផ្ទាល់។លោក ចិន មិត្ត បានឱ្យដឹងទៀតថា «នៅក្រោយពេលដែលទទួលបានអាជ្ញាបណ្ណក្នុងទំហំដី ១,១៥០ហិកតាដើម្បីរុករករ៉ែ យើងមិនបានឈូសឆាយព្រៃក្នុងទំហំ១,១៥០ហិកតានេះទេ។ យើងឈូសឆាយនៅកន្លែងណាដែលចាំបាច់ប៉ុណ្ណោះ ហើយរាល់ការឈូសឆាយទាំងអស់គឺត្រូវមានការត្រួតពិនិត្យច្បាស់លាស់ មានលិខិតស្នាមត្រឹមត្រូវមុននឹងឈូសឆាយ។ តើការឈូសឆាយនោះមានគោលបំណងដើម្បីអ្វី? ដែលនាំឱ្យមានការត្រួតពិនិត្យ និងអនុម័តជាមុនសិន»។ក្រៅតែពីការពិនិត្យយ៉ាងល្អិតល្អន់មុនឈូសឆាយដី និងព្រៃ ដើម្បីរករ៉ែមាសហើយនោះ ក្រុមហ៊ុន ក៏មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្សបរិស្ថានដែលមានស្រាប់ និងបំពេញបន្ថែមឡើងវិញ នូវគម្របរុក្ខជាតិ ព្រៃឈើ តាមរយៈការគាំទ្រឱ្យសហគមន៍បណ្ដុះកូនឈើ និងលក់មកឱ្យក្រុមហ៊ុន ដើម្បីយកមកដាំនៅទីតាំងដែលរងការខូចខាតដោយសារការឈូសឆាយព្រៃ ឬការរុករករ៉ែមាសនាពេលកន្លងមក។ បើគិតមកដល់ពេលនេះក្រុមហ៊ុនបានទិញកូនឈើមកដាំបំពេញឡើងវិញបានចំនួន ១៧ម៉ឺនដើមហើយ។ នេះបើការការបញ្ជាក់បន្ថែមពីលោក លោក ចិន មិត្ត។ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) បានទទួលសិទ្ធិធ្វើអាជីវកម្មពីរដ្ឋាភិបាល និងចាប់ផ្ដើមរុករករ៉ែមាសនៅក្នុងតំបន់អូខ្វាវ ខេត្តមណ្ឌលគិរីតាំងពីឆ្នាំ២០២១ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រតិបត្តិនៅក្នុងរណ្ដៅរ៉ែមាសចំនួន ៧ រណ្ដៅ និងគ្រោងនឹងបន្តរណ្តៅទី៨បន្ថែមទៀត។ ក្រុមហ៊ុនស្តង់ដារអន្តរជាតិ និងមកពីប្រទេសអូស្រ្តាលីនេះ មានសមត្ថភាពចម្រាញ់រ៉ែមាសរបស់កម្ពុជាក្នុងតំបន់អូរខ្វាវនេះចន្លោះពី ៣០០ ទៅ ៤០០គីឡូក្រាមក្នុងរយៈពេល ១ខែ។សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ១១ក្រុមហ៊ុន ដែលប្រតិបត្តិការនៅ ៦ខេត្ត ដោយនៅក្នុងនោះមាន ៧គម្រោង កំពុងធ្វើប្រតិបត្តិការទាញយករ៉ែពេញលេញតាំងឆ្នាំ២០២១ និង ៤គម្រោង ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍៕