រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ EIA មិនមែនជាអង្គភាពរកប្រាក់ តែជាអង្គភាពអនុវត្តច្បាប់ និងទទួលខុសត្រូវខ្ពស់ចំពោះសុខភាពបរិស្ថាន និងប្រជាជនកម្ពុជា

Wait 5 sec.

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា EIA មិនមែនជាអង្គភាពធ្វើអាជីវកម្ម រកប្រាក់ចំណូលនោះទេ តែជាអង្គភាពអនុវត្តច្បាប់ដែលមានទំនួលខុសត្រូវខ្ពស់ ទៅលើហេតុប៉ះពាល់បរិស្ថាន ដើម្បីធានាការពារសុខភាពបរិស្ថាន និងសុខភាពរបស់ប្រជាជនកម្ពុជា។លោកបណ្ឌិត អ៊ាង សុផល្លែត លើកឡើងបែបនេះក្នុងឱកាសអញ្ជើញបើក សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។នៅចំពោះមុខមន្រ្តីរាជការ តំណាងក្រុមហ៊ុន វិស័យឯកជន និងអង្គការដៃគូមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ, លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំពីតួនាទី និងការអនុវត្តការងាររបស់នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) នៃក្រសួងបរិស្ថាន ដែលចាំបាច់ត្រូវតែអនុវត្តតាមច្បាប់ ដើម្បីភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងផ្ទៃមេឃ។ និយាយជារួមប្រសិនយើងជាតំណាងឱ្យប្រជាពលរដ្ឋជាង ១៧លាននាក់ មិនអនុវត្តច្បាប់ផង ធ្វើដូចម្តេចនឹងឱ្យក្រុមហ៊ុនអនុវត្តច្បាប់បាន ហើយកត្តាផលជះពីការបញ្ចេញកាកសំណល់ រឹង រាវដែលកើតចេញពីសកម្មភាពមិនទទួលខុសត្រូវ និងគិតតែពីផលចំណេញ១មុខរបស់អាជីវកម្មមួយចំនួន ហើយវានឹងបង្កជាផលអវិជ្ជមានទៅដល់បរិស្ថាន ធនធានធម្មជាតិ និងជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ។ចំពោះលោកបណ្ឌិតផ្ទាល់សុខភាពរបស់ប្រជាពលរដ្ឋគឺសំខាន់ណាស់ ហើយមានតម្លៃជាងប្រាក់កាក់ ដែលក្រុមហ៊ុនត្រូវបង់សងមកក្រសួងបរិស្ថាន នៅពេលដែលក្រសួងបានរកឃើញករណីល្មើសច្បាប់នោះទៅទៀត។ជាមួយគ្នាលោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអវិជ្ជមាន ផលប៉ះពាល់នានា ក្នុងវិស័យបរិស្ថានម្ដងមួយជំហានៗ ដើម្បីធានាដល់ស្ថិរភាពសង្គម ស្ថិរភាពសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ មិនឱ្យប៉ះពាល់អ្នកវិនិយោគឡើយ។ ចំណែកការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA)ក៏ប្រព្រឹត្តទៅសមស្របតាមច្បាប់ជាធរមាន ត្រឹមត្រូវ និងមានតម្លាភាព។សូមបញ្ជាក់ថា ការសិក្សាការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺធ្វើឡើងស្របជាមួយលើការសិក្សាលើការប៉ះពាល់បរិស្ថានលើមេឃ ក្នុងផ្ទៃទឹក និងនៅលើដី។ ការសិក្សាឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដែលមានសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងនោះភាពស្អាត គឺបានចង្អុលបង្ហាញពីការអនុវត្តយុទ្ធសាស្រ្តធ្វើឱ្យមានភាពស្អាតលើដី លើមេឃ និងទឹកស្អាត។ជាមួយគ្នានេះការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅពេលរកឃើញថាមានផលប៉ះពាល់ គឺក្រុមហ៊ុនវិនយោគ អាចចៀសផុតពីការប៉ះពាល់ និងផលវិបាកដល់សង្គម សេដ្ឋកិច្ច និងដល់សុខភាពរបស់ប្រជាពលរដ្ឋ។ សំខាន់ជាងនេះទៀត គឺនាំមកនូវការវិនិយោគមួយមានចីរភាព និងនិរន្តរភាពការងារ របស់ប្រជាពលរដ្ឋ ដែលបម្រើឱ្យការវិនិយោគនោះ៕