(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥នេះ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុន ឬឧបករណ៍ហិរញ្ញវត្ថុចំនួន៦ នឹងត្រូវចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជា ដើម្បីកៀគរទុនពីសាធារណជន។លោក ស៊ូ សុជាតិ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុង«ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី» នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅផ្សារមូលបត្រកម្ពុជា។លោក ស៊ូ សុជាតិ លើកឡើងថា ការចុះរបស់ក្រុមហ៊ុន ឬឧបករណ៍ហិរញ្ញវត្ថុចំនួន៦ ក្នុងឆ្នាំ២០២៥នេះ គឺជាចំនួនដ៏ច្រើនមួយ ខណៈកន្លងមកក្នុងមួយឆ្នាំមានត្រឹម៤ប៉ុណ្ណោះ ដែលជាការផ្តល់ជម្រើសកាន់តែច្រើនដល់វិនិយោគិន។លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្សារមូលបត្រកម្ពុជានៅក្នុងឆ្នាំ២០២៥នេះ គឺគិតថា គឺជាឆ្នាំមួយដែលយើងទទួលបានជោគជ័យច្រើន។ ហើយក៏បញ្ជាក់ផងដែរថា ផ្សារមូលបត្រកម្ពុជា ឧបករណ៍ហិរញ្ញវត្ថុ ដែលបង្កើតបាននៅក្នុងទីផ្សារបានបន្តិចម្តងៗ ក្លាយទៅជាអ្វីមួយដែលយើងត្រូវជ្រើសរើសក្នុងការវិនិយោគ ហើយជាអ្វីមួយដែលយើងគិតថា ជាដំណើរវិវត្តរប ស់ទីផ្សារដែលយើងបានធ្វើនិងចំណាយពេលរៀបចំជាង១០ឆ្នាំមកនេះ»។លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងដែរថា នៅឆ្នាំ២០២៥នេះ គឺជាឆ្នាំដែលអស្ចារ្យជាងឆ្នាំកន្លងៗមក ព្រោះយ៉ាងហោចណាស់ក៏មានក្រុមហ៊ុន ចុះបញ្ជីច្រើនជាងឆ្នាំកន្លងមក។លោកបន្ថែមថា « បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសាកល និងស្ថានភាពភូមិសាស្រ្តនយោបាយនៅមានភាពស្រពិចស្រពិលជាច្រើន តែផ្សារមូលបត្ររបស់យើងនៅតែបន្តដំណើរទៅមុខប្រកបដោយសុទិដ្ឋនិយម ដោយយើងរំពឹងថា នឹងអាចទទួលបាននូវការចុះបញ្ជីក្រុមហ៊ុនថ្មីជាច្រើន ក្នុងឆ្នាំ២០២៥នេះ ដែលរំពឹងថា នឹងមានច្រើនជាងឆ្នាំកន្លងៗមក»។គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន២៤ ក្នុងនោះ១១ក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុន និង១៣ក្រុមហ៊ុនចុះបញ្ជីជាសញ្ញាបត្រ។ ក្រុមហ៊ុនទាំង២៤នេះ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណជា៤៧០លានដុល្លារ។បើតាម លោក ហុង សុហួរ ទំហំជួញដូរប្រចាំថ្ងៃនៅក្នុងទីផ្សារវិញជាមធ្យម ក្នុងឆ្នាំ២០២៤ មានប្រមាណ១៣ម៉ឺនដុល្លារអាមេរិក ធ្លាក់ចុះជាងឆ្នាំមុន ប៉ុន្តែសកម្មភាពជួញដូរនៅក្នុងទីផ្សារសកម្មជាងមុន ដោយសារការកើនឡើងនៃការជួញដូរក្នុងទំហំតូចៗ ខណៈការបើកគណនីជួញដូរក៏មានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ផងដែរ ដែលមកត្រឹមខែមក រាឆ្នាំ២០២៥នេះ ចំនួនគណនីជួញដូរបានកើនឡើងដល់ជាង៦ម៉ឺនគណនី ៕