(កំពង់ធំ)៖ លោក អ៊ុំ រតនា ប្រធានអង្គការមូលនិធីព្រះពុទ្ធសាសនា និងអភិវឌ្ឍន៍សហគមន៍ នៃសហគមន៍ជាំឆ្លក ក៏ដូចជាសហគមន៍ទាំង ១៦ទៀត ក្នុងខេត្តកំពង់ធំ បានស្នើសុំក្រសួងបរិស្ថាន និងម្ចាស់ជំនួយបន្តជួយដល់គម្រោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ធម្មជាតិ ដើម្បីភាពប្រសើរឡើងនៃជីវភាពប្រជាពលរដ្ឋពីការអនុវត្តគម្រោងស្ដារព្រៃធម្មជាតិ។ការស្នើបែបនេះរបស់លោក អ៊ុំ រតនា បានធ្វើឡើងក្នុងពេលដំណើរទស្សនកិច្ចសិក្សារបស់ក្រុមអ្នកសារព័ត៌មានជាង២០ស្ថាប័ន ដឹកនាំដោយលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។លោក អ៊ុំ រតនា បានលើកឡើងថា អង្គការរបស់លោកបានទទួលការគាំទ្រថវិកាពីគម្រោង «ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា» របស់ក្រសួងបរិស្ថាន ចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ សម្រាប់ជួយដល់ការសិក្សាស្រាវជ្រាវ វគ្គបណ្ដុះបណ្ដាលនានា ដើម្បីបង្កើតសកម្មភាពរកប្រាក់ចំណូលដល់សហគមន៍តំបន់ការពារធម្មជាតិជាំឆ្លក និងអូរបញ្ញា ក្នុងស្រុកសណ្តាន់ និងស្រុកប្រាសាទបល្ល័ង្ក ក្នុងខេត្តកំពង់ធំ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងពីរនេះ បានធ្វើការដាំឫស្សីផ្អែម និងដើមស្តៅ សាងសង់ថ្នាលបណ្ដុះកូនឈើ ពូជឈើស្តារ និងឈើហូបផ្លែសម្រាប់លក់។ ទន្ទឹមនេះ ក៏មានការសាងសង់ខាងកាហ្វេលក់ភេសជ្ជៈ និងអនុផលព្រៃឈើ និងផ្លែឈើកែច្នៃ ជាដើម។ តែទោះជាយ៉ាងនេះក្តី ត្រូវការជំនួយបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ធម្មជាតិឱ្យបានឆាប់ក្នុងឆ្នាំ២០២៥។ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា ដែលគាំទ្រដល់អង្គការសង្គមស៊ីវិល ក៏ដូចជាដៃគូអភិវឌ្ឍន៍ពិនិត្យទៅលើការចូលរួមបន្ថែមទៀតទៅដល់មូលនិធិនៃគម្រោង «ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM)។ លោកបានបញ្ជាក់ថា គម្រោងនេះកំពុងតែទទួលបាននូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រជាសហគមន៍ស្ថិតនៅក្នុងតំបន់ការពារ ដែលពួកគាត់បានចូលរួមការពារ ស្តារឡើងវិញ និងអភិរក្សធនធានធម្មជាតិ។សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក បានបង្កើតឡើងជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១០ លើទំហំផ្ទៃដីចំនួន៥.២០៤ ហិកតា ស្ថិតក្នុងភូមិចំនួន៧ និងមានប្រជាជនរស់នៅរហូតដល់ ១.១១៣គ្រួសារ។ ការងារសំខាន់ៗរបស់សហគមន៍ គឺផ្តោតទៅលើកិច្ចការងារអភិរក្ស ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ពិសេស ការងារដាំស្តារព្រៃនិងការគិតគូរពីចំណូលទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងសហគមន៍ជាដើម។យោងតាមរបាយការណ៍របស់សហគមន៍នេះ បង្ហាញថា ការងារដាំស្តារព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំធ្លករហូតមកដល់ពេលនេះ បានដាំកូនឈើច្រើនប្រភេទដូចជាកូនឈើក្រញូង ធ្នុង កកោះ បេង គគី ឈើទាល ព្រីង និងច្រេសជាដើម ដែលមានចំនួន ៧៥,០០០ដើម នៅលើផ្ទៃដី ៣០ហិកតា នៃដីរបស់ហគមន៍។ គម្រោងនៃការដាំស្តារ ធ្វើឡើងក្នុងគោលបំណង ដាំស្តារឡើងវិញនូវតំបន់ដែលព្រៃរិចរិល បង្កើនជីវចម្រុះ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល។ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាន នឹងធ្វើជាសាក្សីចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះដោយផ្ទាល់ និងស្វែងយល់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់សហគមន៍ក្នុងការអភិរក្សបរិស្ថានធម្មជាតិរបស់ពួកគាត់ផងដែរ។ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព សហគមន៍បានបង្កើតសកម្មភាពជាច្រើនដើម្បីអាចជួយក្នុងការស្វែងរកប្រាក់ចំណូលផ្សេងៗ ដើម្បីគាំទ្រដល់ដំណើរប្រតិបត្តិការ និងធានាបាននូវនិរន្តរភាពរយៈពេលវែងរបស់សហគមន៍។ សកម្មភាពការងារទាំងនោះ រួមមាន ការប្រមូលផលអនុផលព្រៃឈើតាមរដូវ ការបើកហាងកាហ្វេសហគមន៍ ការដាំដុះ ឫស្សីផ្អែម និងផែនការសម្រាប់ទេសចរណ៍ធម្មជាតិលើផ្ទៃដី ១០ហិកតា ជាដើម។ក្រៅពីនេះសហគមន៍ ក៏មានក្រុមទុនបង្វិលចំនួន ៧៩នាក់ ជាសមាជិក និងមានលុយតំកល់សរុបចំនួន ៧៩លានរៀល ហើយសមាជិកនីមួយៗអាចខ្ចីបានក្នុងអត្រាការប្រាក់ប្រចាំខែចំនួន២ភាគរយ។ ចំណូលមួយផ្នែកទៀតរបស់សហគមន៍ បានមកពីការដាក់ប្រាក់សន្សំរយៈពេល៥ឆ្នាំនៅធានាគារ ដោយអាចដកបានការប្រាក់ជាង ២០០ដុល្លាក្នុងរយៈពេល៦ខែ។ សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ក៏មានការរៀបចំនូវផែនការអនាគត់ដោយរួមបញ្ចូលផងដែរនូវការធ្វើកសិកម្មចម្រុះជាមួយនឹងការដាំដុះម្ទេស ការរៀបចំស្រះចិញ្ចឹមត្រី ការដាំដុះបន្លែ ការដាំដើមឈើហូបផ្លែ និងសេវាកម្មស្នាក់នៅផ្ទះ ផងដែរ។សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ក្រោមគម្រោង «ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា (INRM Project)» និងអង្គការសុខិតកាល ទៅកាន់សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ស្ថិតនៅក្នុង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕