(រតនគិរី)៖ គណៈកម្មការទី៣នៃរដ្ឋសភាដឹកនាំដោយលោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្មរុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) រួមជាមួយលោកគិត ទ្រីអ្នកតំណាងរាស្ត្រមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយលោកណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ា វិចិត្រ អភិបាលខេត្តស្តីទីខេត្តរតនគិរី ព្រមទាំងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តរតនគិរី។ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត,លោកសន្តិបណ្ឌិត ឡូយ សុផាតបានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៣ មកកាន់ខេត្តរតនគិរីនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្តោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុតនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងមន្ទីរជំនាញលើការងារផែនការវិនិយោគ កសិកម្ម បរិស្ថាន និងធនធានទឹកនៅក្នុងខេត្ត ដើម្បីគណៈកម្មការបានយល់ដឹង ងាយស្រួលក្នុងការរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិដើម្បីជំរុញការអភិវឌ្ឍន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឲ្យមានប្រសិទ្ធភាពខ្ពស់។ក្នុងរសៀលថ្ងៃដដែលនេះ លោកសន្តិបណ្ឌិត ឡូយ សុផាតប្រធានគណៈកម្មការទី៣នៃរដ្ឋសភាបានដឹកនាំគណៈប្រតិភូចុះពិនិត្យរោងចក្រកែច្នៃក្តារកុងផ្លាកេ(ហ៊្វូ ស៊ិន លីន យី ឌីវេឡុបម៉ិនឯ.ក)ស្ថិតក្នុងភូមិ២សង្កាត់កាចាញក្រុងបានលុង។លោកស្រី រ៉ន ណារ៉ុង អ្នកបកប្រែភាសានៅក្នុងរោងចក្របានជម្រាបគណៈប្រតិភូថា រោងចក្រខាងលើចាប់ដំណើរការក្នុងខែសីហា ឆ្នាំ២០២៤,សព្វថ្ងៃរោងចក្របានប្រមូលទិញដើមចន្ទី និងដើមកៅស៊ូដែលប្រជាពលរដ្ឋកាត់ចាស់ដាំថ្មីតាមខ្នាត និងតាមប្រភេទក្នុងចំនួនក្នុងមួយថ្ងៃៗប្រមាណជា១០០តោនផលិតជាក្តារកុងប្លាកេប្រមាណ៧០-៨០ម៉ែត្រគូប ហើយបងប្អូនកម្មករបម្រើការក្នុងចក្របានប្រាក់ខែសមរម្យក្នុងមួយៗតាមជំនាញ៕