(ភ្នំពេញ)៖ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិយ៉ាងហោចឱ្យបានចាប់ពី៧.២លាននាក់ទៅ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ។ នេះបើតាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។លោករដ្ឋមន្ត្រីបានរំឭកថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៦.៧លាននាក់ កើនឡើង ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបនឹងឆ្នាំ២០២៣។លោករដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា «យោងតាមនិន្នាការខាងលើ និងការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ យើងរំពឹងចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងពី៧.២លាននាក់ទៅ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ»។លោករដ្ឋមន្ត្រីបានបន្តទៀតថា យោងតាមអភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ ភាពជោគជ័យនេះ កើតចេញពីសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ ដែលត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖ ១. កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន២. កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានី-ខេត្តទាំង២៥៣. កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក៤. កិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍ ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជានៅបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក៥. កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន៦. ការចូលរួមពីម្នាក់ៗ មានន័យថា ពីយើងម្នាក់ៗ ពីទេសចរម្នាក់ៗ និងពីបុគ្គលដែលទទួលប្រយោជន៍ពីវិស័យទេសចរណ៍ទាំងអស់គ្នាផងដែរ។ជាមួយបញ្ហាប្រឈម និងការគិតគូរជាយុទ្ធសាស្រ្តនានា លោករដ្ឋមន្ត្រី ហួត ហាក់ បានស្នើឱ្យអង្គសន្និបាតចាប់អារម្មណ៍ និងពិភាក្សាលើចំណុចគន្លឹះមួយចំនួន ដែលរួមមាន៖ទី១. ការវាយតម្លៃឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយពីកត្តាខាងក្រៅ និងកត្តាខាងក្នុង ដែលអាចមានឥទ្ធិពលមកលើវិស័យទេសចរណ៍សាកលលោក តំបន់ និងវិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២៥នេះ និងបណ្តាឆ្នាំខាងមុខ។ទី២. ការជំរុញ និងបង្កើនការឃោសនាផ្សព្វផ្សាយទេសចរណ៍ កិត្តិនាមកម្ពុជា និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ពិសេសនៅតាមទីផ្សារទេសចរណ៍សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ (Bring Cambodia to the World) និងទាក់ទាញពិភពលោកមកទស្សនាកម្ពុជា (Bring the World to Cambodia) ។ទី៣. ការរួមគ្នាប្រែក្លាយរដូវកាលភ្ញៀវតិច (Low Season) មកជារដូវកាលបៃតង (Green Season) តាមរយៈការដាក់ចេញនូវយុទ្ធនាការ វិធានការគន្លឹះ និងផែនការសកម្មភាពនានា ដោយឈរលើភាពជាក់ស្តែងនិយម។ទី៤. ការបើកទូលាយទីផ្សារទេសចរណ៍ និងការទាក់ទាញជើងហោះហើរត្រង់មកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។ទី៥. ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ពិសេសនៅតាមច្រកព្រំដែនអន្តរជាតិ ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ទាំងបែបបទចូល-ចេញរបស់ភ្ញៀវ និងការធ្វើដំណើរតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍នានា។ទី៦. ការពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងតាមគោលដៅទេសចរណ៍។ទី៧. ការរៀបចំកញ្ចប់ទស្សនកិច្ចឱ្យមានភាពកាន់តែសម្បូរបែប ច្នៃប្រឌិត ពោរពេញដោយភាពទាក់ទាញ និងប្រកួតប្រជែងខ្ពស់។ទី៨. ការអភិវឌ្ឍ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ប្រភេទផ្សេងៗ ទាំងទេសចរណ៍វប្បធម៌, ទេសចរណ៍បែបជំនឿសាសនា, អេកូទេសចរណ៍ ទេសចរណ៍សមុទ្រ ទេសចរណ៍ច្នៃប្រឌិត ទេសចរណ៍បែបកម្សាន្ត ទេសចរណ៍ធុរកិច្ចនិងវិនិយោគ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ទិញទំនិញ ទេសចរណ៍ MICE និងប្រភេទផ្សេងៗទៀត នៅតាមគោលដៅទេសចរណ៍អាទិភាព តំបន់ភ្នំពេញ តំបន់សៀមរាប តំបន់ឆ្នេរ តំបន់ភូមិភាគឦសាន ព្រមទាំងតំបន់ដែលមានសក្តានុពលផ្សេងៗទៀត រួមមាន តំបន់សក្តានុពលទេសចរណ៍តាមព្រំដែនជាដើម។ទី៩. ការជំរុញការអភិវឌ្ឍប៉ូលទេសចរណ៍អាទិភាព និងគោលដៅទេសចរណ៍ជាកញ្ចប់ (Cluster Destination)។ទី១០. ការជំរុញចរន្តភ្ញៀវទេសចរក្នុងស្រុក ដោយឈរលើគោលការណ៍ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» រួមជាមួយចរន្តភ្ញៀវទេសចរបរទេសផ្ទៃក្នុងទៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមទាំងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ទី១១. ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ការអនុវត្តស្តង់ដាគុណភាព និងប្រព័ន្ធចំណាត់ថ្នាក់អាជីវកម្មទេសចរណ៍ ការពង្រឹងប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍ ការគ្រប់គ្រងគោលដៅទេសចរណ៍ និងការលើកកម្ពស់ភាពស្អាត អនាម័យ និងបៃតង។ទី១២. ការជំរុញការវិនិយោគ និងការបង្កើតតម្លៃបន្ថែមក្នុងខ្សែច្រវាក់ទេសចរណ៍ តាំងពីដើមខ្សែ រហូតដល់ចុងខ្សែ និងយន្តការគាំទ្រអាជីវកម្ម និងធុរកិច្ចទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍។ទី១៣. ការពង្រឹងមូលធនមនុស្ស ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារទេសចរណ៍ និងឈានដល់ការធ្វើបម្លាស់ទីអ្នកជំនាញទេសចរណ៍ក្នុងតំបន់អាស៊ាន រួមជាមួយការគិតគូរអំពីបុគ្គលិកក្រៅប្រព័ន្ធ ដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍ផងដែរ។ទី១៤. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិមិត្ត (AI) ក្នុងវិស័យទេសចរណ៍។បញ្ហាគន្លឹះខាងលើ គ្រាន់តែជាចំណុចគោល ដើម្បីតម្រង់ទិសការពិភាក្សាប៉ុណ្ណោះ ប៉ុន្តែលោករដ្ឋមន្ត្រីបានស្នើឱ្យអង្គសន្និបាតផ្លាស់ប្តូរទសន្សទានលើបញ្ហាប្រឈមផ្សេងៗ ការផ្តល់អនុសាសន៍ និងមតិយោបល់ ក៏ដូចជាការលើកឡើងជាជម្រើសដំណោះស្រាយនានា ចំពោះបញ្ហាប្រឈមដែលអង្គសន្និបាតបានកត់សម្គាល់ ឱ្យបានសកម្មផុលផុស និងប្រកបដោយស្មារតីស្ថាបនា៕