(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះអង្គបានដឹកនាំ គណៈកម្មាធិការនាយក សមាជិក សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងពុទ្ធបរិស័ទ ធ្វើកម្មវិធីបុណ្យព្រហ្មទាន ប្រគេនចង្ហាន់ និងបច្ច័យ៤ ដល់ព្រះសង្ឃ ជាបេក្ខសមណសិស្ស សិស្ស ដែលបានប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ចំនួន ៥៥០អង្គ/នាក់។កម្មវិធីព្រហ្មទាននេះ បានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះសមាជិកអធិបតី ពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅទីស្នាក់ការកណ្តាល ពុទ្ធិកសមាគមកម្ពុជរដ្ឋ ស្ថិតក្នុងបរិវេណពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។សកម្មភាពនេះ គឺជាការចូលរួមចំណែកយ៉ាងសកម្មបំផុត ក្នុងនាមពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលបានយល់ច្បាស់ពីសុខទុក្ខ របស់ព្រះសង្ឃ ជាសមណសិស្ស សិស្ស និងជាការចែករំលែកនូវអំពើល្អ បង្ហាញពីគំរូយកចិត្តទុកដាក់ និងគិតគូរជានិច្ចដល់ព្រះសង្ឃទូទាំងប្រទេស៕