មន្ដ្រីជាន់ខ្ពស់ ស្នើដល់និស្សិត និងគណៈកម្មការ និងអនុគណៈកម្មការ ប្រឡងថ្នាក់ជាតិឆ្នាំសិក្សាមូលដ្ឋានកម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ចូលរួមគោរពវិន័យ ដើម្បីរួមលើកកម្ពស់គុណភាពធនធានមនុស្ស

Wait 5 sec.

(ភ្នំពេញ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានស្នើដល់ គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ស្វែងយល់ច្បាស់ពីតួនាទី និងទំនួលខុសត្រូវរបស់ខ្លួនឱ្យបានច្បាស់ ដើម្បីឱ្យថ្ងៃប្រឡងនៅដើមខែមីនា ឆ្នាំ២០២៥ខាងមុខនេះ បានប្រព្រឹត្ដទៅដោយភាពត្រឹមត្រូវ និងយុត្ដិធម៌។ការថ្លែងយ៉ាងដូច្នេះរបស់មន្ដ្រីជាន់ខ្ពស់រូបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីពីការណែនាំតួនាទីភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។លោក សុក ផេង បានថ្លែងបន្ដថា ការប្រឡងថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ មានចំនួនសរុប១០.៥២៨នាក់ ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១ និងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅមណ្ឌលប្រឡងសំណេរចំនួន៤ទីតាំងផ្សេងៗគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជាស៊ីមសន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យបាក់ទូក ។កិច្ចប្រជុំនាពេលនេះ ដើម្បីណែនាំពីតួនាទី ភារកិច្ចដល់គណៈកម្មការ និងអនុគណៈកម្មការនានា ដែលនឹងត្រូវអនុវត្តភារកិច្ចនាថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥ ឱ្យយល់ច្បាស់ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។ «ដូច្នេះសូមគណៈកម្មការ បន្ដអនុវត្ដទៅតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងគុណភាពនៃការប្រឡងនេះ ឱ្យមានតម្លាភាពត្រឹមត្រូវ និងយុត្ដិធម៌ ដូចនឹងប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា «អ្នកចេះជាប់ អ្នកដែលជាប់ប្រកបដោយកិត្ដិយស អ្នកដែលធ្លាក់ គឺធ្លាក់ដោយអស់ចិត្ដ» ។ចឹងការប្រឡងនេះ គឺមានតម្លាភាព យុត្ដិធម៌ និងបរិយាបន្ន និងឈរលើគោលការណ៍គុណធិបតេយ្យពិតប្រាកដជូនដល់ប្អូនៗនិស្សិតរបស់យើង ក៏ដូចជាការចង់បានរបស់ប្រជាពលរដ្ឋ។​ ការបញ្ជាក់បន្ថែមរបស់លោក សុក ផេង។លោកធ្លាប់បានគូសរម្លឹកប្រាប់បណ្ដាញព័ត៌មាន Fresh News ថា គណៈកម្មការនឹងមិនអនុញ្ញាតឱ្យមានករណីនៃការបន្លំណាមួយកើតឡើង នៅក្នុងដំណើរគ្រប់នៃនីតិវិធីនៃការប្រឡងនោះឡើយ ប្រសិនជារកឃើញ គឺគណៈកម្មការ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ មិនត្រឹមតែវិធានការរដ្ឋបាលនោះទេ គឺត្រូវប្រឈមមុខនឹងផ្នែកព្រហ្មទណ្ឌ ដូច្នេះសូមសិស្សានុសិស្ស ក៏ដូចជាមាតាបិតាសិស្ស ណែនាំដល់បុត្រធីតារបស់ខ្លួន ធ្វើយ៉ាងណាកុំប្រព្រឹត្ដអ្វីដែលជាអំពើខុសច្បាប់នានា។យោងសេចក្តីជូនដំណឹងលេខ ០០៦/២៥ គបជ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្តីពីការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន ១០,៥៦៩នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់ បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ១០,៥២៨នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន។ការប្រឡងនេះនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥៖ ចាប់ពីម៉ោង១៣៖៣០នាទី ដល់ម៉ោង១៤៖៣០នាទី ប្រឡងមុខវិជ្ជាជីវវិទ្យា, ចាប់ពីម៉ោង១៥៖៣០នាទី ដល់ម៉ោង១៦៖៣០នាទី ប្រឡងមុខវិជ្ជាគីមីវិទ្យា។ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង១៤៖០០នាទី ដល់ម៉ោង១៥៖០០នាទី ប្រឡងមុខវិជ្ជាគណិតវិទ្យា។សម្រាប់គណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១៧៥០នាក់ ត្រូវបានចាត់តាំងឡើង ដែលមានសមាសភាព ថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕