ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla របស់លោក Elon Musk ធ្លាក់ថ្លៃបន្ទាប់ពីការលក់នៅអឺរ៉ុបធ្លាក់ចុះ

Wait 5 sec.

(ក្រុងអូស្ទីន)៖ ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោកមហាសេដ្ឋី Elon Musk បានធ្លាក់ថ្លៃជាង ៩% បន្ទាប់ពីការលក់នៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានធ្លាក់ចុះជិតពាក់កណ្តាលនៅក្នុងខែមករា។ ការធ្លាក់ចុះថ្លៃភាគហ៊ុននេះបានធ្វើឱ្យតម្លៃក្រុមហ៊ុន Tesla ធ្លាក់ចុះមកនៅក្រោម ១ពាន់ពាន់លានដុល្លារជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន BCC។ក្រុមហ៊ុន Tesla បាននិងកំពុងប្រឈមនឹងការប្រកួតប្រជែងដ៏តានតឹងនៅក្នុងទីផ្សារអឺរ៉ុបពីក្រុមហ៊ុនផលិតរបស់ប្រទេសចិន និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។ អ្នកវិភាគម្នាក់បានប្រាប់ BCC ថា លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុន Tesla គឺលោក Elon Musk បាននិងកំពុងបង្កើតកម្តៅរលកនយោបាយដ៏ចម្រូងចម្រាស់ទាំងនៅទ្វីបអាមេរិក និងទ្វីបអឺរ៉ុបដែលស្ថិតនៅសងខាងមហាសមុទ្រអាត្លង់ទិក។ការលក់រថយន្ត Tesla នៅក្នុងខែមករាមានភាពផ្ទុយគ្នានឹងនិន្នាការលក់រថយន្តអគ្គិសនីនៅអឺរ៉ុបដែលបានកើនឡើងច្រើនជាងមួយភាគបីក្នុងខែនេះ នេះបើយោងតាមស្ថាប័នពាណិជ្ជកម្ម Acea។ ផ្ទុយទៅវិញ ការលក់របស់ក្រុមហ៊ុន Tesla នៅទូទាំងសហភាពអឺរ៉ុប ក្រុមប្រទេសជាសមាជិកនៃសមាគមពាណិជ្ជកម្ម EFTA និងចក្រភពអង់គ្លេសបានធ្លាក់ចុះច្រើនជាង ៤៥% និងច្រើនជាង ៥០% គ្រាន់តែនៅក្នុងសហភាពអឺរ៉ុប។ការធ្លាក់ចុះការលក់នេះបានកើតមានឡើងបន្ទាប់ពីការលក់របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ដោយសារតម្រូវការធ្លាក់ចុះ និងគូប្រជែងបានកើនឡើង។លោក Russ Mold ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន AJ Bell បាននិយាយថា កត្តាចម្បងនៅក្នុងការធ្លាក់ចុះការលក់ក្នុងខែមករានេះទំនងជាដោយសារមានការប្រកួតប្រជែងកាន់តែខ្លាំង។ លោក Mold បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តចិន BYD បាននិងកំពុងបោះជំហានយ៉ាងធំដែលមួយផ្នែកដោយសារតែក្រុមហ៊ុននេះរួមបញ្ចូលលក្ខណៈពិសេសស្តង់ដារមួយចំនួនទៅក្នុងរថយន្តរបស់ខ្លួន។លោកបាននិយាយថា ទោះបីជាយ៉ាងណា អ្នកទិញរថយន្តមួយចំនួនក៏អាចនឹងប្រកាន់យក “ជំហរជាគោលការណ៍” លើអន្តរាគមន៍នយោបាយរបស់លោក Musk ផងដែរ។ លោក Musk បានបង្កើតរលកកម្ដៅនយោបាយនៅសហរដ្ឋអាមេរិកដោយបានចូលក្នុងការកាត់បន្ថយមូលនិធិអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក និងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយយ៉ាងខ្លាំងនូវមូលនិធិសហព័ន្ធរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត BCC៕