លោក Masato Kanda ត្រូវបានចូលកាន់តំណែងជាប្រធានថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី

Wait 5 sec.

(ភ្នំពេញ)៖ លោក Masato Kanda បានចូលកាន់តំណែងជាផ្លូវការជាប្រធានទី១១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។លោក Kanda បានថ្លែងថា «ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានចូលកាន់តួនាទីជាប្រធាន ADB ក្នុងកាលៈទេសៈដ៏សំខាន់នេះសម្រាប់តំបន់របស់យើង។ ដោយមានការជឿទុកចិត្ត ពីសមាជិកទាំង ៦៩ របស់ ADB និងការគាំទ្រយ៉ាងមុតមាំពីបុគ្គលិកដ៏សកម្មរបស់យើង ខ្ញុំប្តេជ្ញាជំរុញបេសកកម្មរបស់ ADB ក្នុងការលើកកម្ពស់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ដោយធ្វើការរួមគ្នា យើងនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមចម្បងៗនៃការអភិវឌ្ឍ ដោយធានាថា ADB នៅតែជាដៃគូចាំបាច់សម្រាប់តំបន់»។លោក Kanda ចូលកាន់តួនាទីជំនួស លោក Masatsugu Asakawa ដោយបន្តកេរ្តិ៍ដំណែលប្រកបដោយឧត្តមភាព និងភាពច្នៃប្រឌិត។ ជាមួយនឹងបទពិសោធន៍ជិត ៤ទសវត្សរ៍ ក្នុងការងារហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍគោលនយោបាយ លោក Kanda ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយ ការគិតគូរឆ្ពោះទៅមុខ និងអន្តរាគមន៍ដ៏មុតស្រួចរបស់គាត់ក្នុងស្ថានភាពទីផ្សារដែលមានការប្រែប្រួលខ្លាំង។ក្នុងពេលកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សម្រាប់កិច្ចការអន្តរជាតិរបស់ប្រទេសជប៉ុន គាត់បានដើរតួយ៉ាងសំខាន់ ក្នុងការត្រួសត្រាយដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និងរៀបចំសកម្មភាពគោលនយោបាយដែលជួយធ្វើឱ្យទីផ្សារមានស្ថិរភាព។ប្រធានក្រុមប្រឹក្សាភិបាល ADB លោក Fabio Panetta បានថ្លែងថា «លោក Masato Kanda នាំមកនូវបទពិសោធន៍សម្បូរបែប និងទស្សនៈវិស័យទូលំទូលាយសម្រាប់ ADB ។ បទពិសោធន៍របស់គាត់ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដ៏ស្មុគស្មាញ និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិធ្វើឱ្យគាត់សមជាអ្នកដឹកនាំដ៏ល្អរបស់យើង ខណៈដែលយើងបន្តបង្កើនចំណុចខ្លាំងរបស់យើង និងចាប់យកឱកាសថ្មីៗ។ ខ្ញុំមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់គាត់ ADB នឹងផ្ដល់ដំណោះស្រាយដែលមានគោលដៅ និងផលជះជាក់លាក់សម្រាប់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់យើង»។លោក Kanda បានបន្ថែមថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទាញយកប្រយោជន៍នៃជំនាញរួមនៅក្នុងស្ថាប័នរបស់យើង និងសហការជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់អ្នកដែលត្រូវការជំនួយបំផុត។ ការយកចិត្តទុកដាក់របស់យើង នឹងផ្តោតលើសកម្មភាពជាក់ស្តែង ដែលផ្តល់នូវលទ្ធផលជាក់លាក់ ដោយធានាថាការគាំទ្ររបស់យើងនាំមកនូវការរីកចម្រើនយូរអង្វែងសម្រាប់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក»។ការតែងតាំងរបស់លោក Kanda គូសបញ្ជាក់ពីការវិវត្តដែលកំពុងបន្ត និងការប្តេជ្ញាចិត្តរបស់ ADB ដើម្បីឆ្លើយតបនឹងតម្រូវការជាគន្លឹះរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ ADB។ នៅពេលដែល ADB ចាប់ផ្តើមដំណាក់កាលថ្មីនៃការរីកចម្រើនជាយុទ្ធសាស្រ្ត ភាពជាអ្នកដឹកនាំរបស់លោក Kanda នឹងបន្តកេរ្តិ៍ដំណែលដ៏រឹងមាំរបស់ ADB ព្រមទាំងដឹកនាំស្ថាប័ននេះដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសនាពេលអនាគតផងដែរ។ការសម្រេចចិត្តជាឯកច្ឆ័ន្ទ របស់ក្រុមប្រឹក្សាភិបាល ADB ក្នុងការជ្រើសរើសលោក Kanda ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់គាត់ក្នុងការដឹកនាំ ADB ក្នុងអំឡុងពេល ដែលមានការផ្លាស់ប្តូរសំខាន់ៗ។ បទពិសោធន៍ដ៏ទូលំទូលាយរបស់គាត់ ក្នុងការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចដ៏ស្មុគស្មាញ និងក្នុងបរិបទកិច្ចសហការជាពហុភាគី នឹងមានតម្លៃមិនអាចកាត់ថ្លៃ បានខណៈដែល ADB បន្តសម្របខ្លួនទៅនឹងស្ថានការណ៍ពិភពលោក ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៤៩ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕