(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានបញ្ជាក់ថា យើងទាំងអស់គ្នាបានដឹងហើយថា ការចូលរួមថែរក្សាសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិយើងនេះ គឺជាតួនាទីរបស់ពលរដ្ឋគ្រប់ៗគ្នាទាំងអស់។ការថ្លែងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីបើកកម្មវិធីរាត្រីសមោសសំពត់បត់ខ្មែរលើកទី២, នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ពាក្យថាសិល្បៈ វប្បធម៌ គឺបញ្ជាក់បង្ហាញតាមរយៈភ្លេង ចម្រៀង របាំ សំលៀកបំពាក់ប្រពៃណី ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ សំលៀកបំពាក់ដែលយើងប្រើប្រាស់ក្នុងពិធីផ្សេងៗ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ពិធីផ្លូវការ និងពិធីសាសនាជាដើម ហើយសូម្បីតែក្រណាត់ដែលយើងយកមកកាត់ធ្វើជាសំលៀកបំពាក់ ការត្បាញសរសៃសូត្ររចនាបថ និងឌីហ្សាញ ក៏បញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗដូចគ្នាដែរ។ជាការពិតណាស់សំលៀកបំពាក់ គឺជាផ្នែកមួយនៃវប្បធម៌ ដែលបញ្ជាក់ពីឬសគល់ នៃអរិយធម៌ដ៏ចំណាស់ និងអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗ។ ហេតុដូចនេះការថែរក្សាអភិវឌ្ឍ និងលើកតម្កើងកេរ្តិ៍ដំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា។ ដោយត្រូវយល់ច្បាស់អំពីប្រវតិ្តតម្លៃកេរ្តិ៍ដំណែលអត្ថន័យ សំលៀកបំពាក់របៀបរបបនៃការប្រើប្រាស់ទៅតាមពិធី និងពេលវេលាព្រមទាំងការចូលរួមផ្សាយកម្រិតជាតិ និងអន្តរជាតិផងដែរ។នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងទៀតថា កម្មវិធីរាត្រីសមោសសំពត់បត់ខ្មែរលើកទី២ គឺជាព្រឹតិ្តការណ៍វប្បធម៌ដ៏មានសារសំខាន់សំដៅបង្ហាញ និងផ្សព្វផ្សាយអំពីផ្នែកមួយ នៃជំនឿ សិល្បៈ ប្រពៃណី និងទំនៀមទម្លាប់បន្សល់ទុកជាកេរ្តិ៍មរតកដ៏ថ្លៃថ្លា ដែលដូនតាខ្មែរយើងបានបន្សល់ទុកឲ្យ។ ហើយការបង្កើតកម្មវិធីនេះ ក៏ជាការរំលឹកខួបលើកទី៤៦ឆ្នាំ នៃការជួបគ្នាឡើងវិញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្ត និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវិលត្រឡប់មកជួបគ្នាវិញ ក្រោយថ្ងៃរំដោះ៧មករា។លោកជំទាវបណ្ឌិត ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ គ្រប់ទម្រង់ និងសូមគោរពអរគុណចំពោះវត្តមាន និងសមានចិត្តរបស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី នារាត្រីនេះ ដែលបង្ហាញឲ្យឃើញពីសេចកី្តស្រលាញ់ គាំទ្រ និងការចូលរួមថែរក្សា សិល្បៈ វប្បធម៌ដ៏ផូរផង់របស់ជាតិយើង និងសូមអរគុណដល់សិល្បករ សិល្បការិនីទាំងអស់ ដែលបានចូលរួមសម្តែង និងសុទ្ធតែជាតួអង្គសំខាន់បំផុត សម្រាប់កិច្ចការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយតាមរយៈជំនាញអាជីព និងការសម្តែង។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ទៀតថា ភស្តុតាងបុរាណវិទ្យា បានបង្ហាញឲ្យយើងឃើញច្បាស់អំពីរបៀបរបបរស់នៅសម្ភារៈប្រើប្រាស់ និងសំលៀកបំពាក់បិទបាំងរាង្គកាយរបស់ជនជាតិខ្មែរយើង តាំងពីសម័យបុរេប្រវតិ្ត ព្រមទាំងមានតឹកតាងបន្ថែមតាមរយៈចម្លាក់តាមប្រាសាទនានា សិលាចារិក ជាពិសេសតាមជញ្ជាំងប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ និងប្រាសាទអង្គរវត្តជាដើម។ ដែលជាកំណត់ត្រាដ៏ច្បាស់លាស់ នៃប្រភេទទម្រង់រចនាបថ ក្បាច់ប្រភេទអ្នកប្រើប្រាស់ និងពិធីនានា។ជារួមសំលៀកបំពាក់ខ្មែរយើង មានប្រវតិ្តច្បាស់លាស់ និងវិវត្តន៍ទៅតាមសម័យកាលដែលមកដល់បច្ចុប្បន្នយើងអាចសម្គាល់ទម្រង់សំលៀកបំពាក់តាមសម័យ ដូចជា សម័យនគរភ្នំ សម័យចេនឡា សម័យអង្គរ សម័យចតុម្មុខ សម័យលង្វែក សម័យឧដុង្គ សម័យអាណានិគមនិយម សម័យសង្គមរាស្រ្តនិយម និងសម័យបច្ចុប្បន្ន ហើយយើងក៏អាចឃើញ និងសម្គាល់បាននូវការឆ្លងឥទិ្ធពលទៅវិញទៅមកផ្នែកសំលៀកបំពាក់នេះផងដែរ។លោកជំទាវបណ្ឌិត ក៏សូមអរគុណដល់គណៈកម្មការរៀបចំពិធីដែលចាប់យកទម្រង់មួយចំនួននៃសំលៀកបំពាក់ខ្មែរ ដោយរាប់បញ្ចូលទាំងសំលៀកបំពាក់ក្នុងពិធីមង្គលការផងដែរ ដោយគិតពីសម័យឧដុង្គ មកបង្ហាញ ហើយកម្មវិធីនារាត្រីនេះ មានចេតនាបង្ហាញពីភាពសម្បូរបែបនៃសំលៀកបំពាក់ប្រពៃណីទាំងសម្រាប់ជីវភាពរស់នៅ សម្រាប់ពិធីបុណ្យប្រពៃណី និងពិធីមង្គលការជាដើម រួមជាមួយនឹងការរំលេចអំពីភាពត្រឹមត្រូវទាំងប្រភេទផលិតផលរបៀបប្រើប្រាស់ការកំណត់ពិធី និងពេលវេលាប្រើប្រាស់ដែលគោរពទៅតាមក្បួនខ្នាតពិតប្រាកដដែលបន្សល់ទុកពីដូនតាយើង៕