(ភ្នំពេញ)៖ អាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ការបញ្ចុះបញ្ចូលយុវជន កូនៗចៅៗ ដែលជាពលករខ្មែរ នៅបរទេសឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេស ជាល្បិចកលខ្ចីខ្នងពលករចម្លងភក់ ហើយក្នុងនាមជារាស្រ្តមានឈាមជ័រជាខ្មែរ ត្រូវមានគុណធម៌ សម្រាប់ជាតិមាតុភូមិ។ទន្ទឹមនឹងនេះ អាណាព្យាបាលមានការព្រួយបារម្ភចំពោះសុវត្ថិភាព និងនិរន្តរភាពការងារកូនៗរបស់ខ្លួន បន្ទាប់ពីមានការកៀរគរធ្វើបាតុកម្មជារើយៗ ពីសំណាក់ក្រុមប្រឆាំង នៅក្រៅប្រទេស។ ចំពោះការបញ្ចុះបញ្ចូលពលករនេះ លោកតា ខិត ទូច ជាអាណាព្យាបាលពលករ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញពីការព្រួយបារម្ភខ្លាំងណាស់ចំពោះកូនៗ ចៅៗ របស់ខ្លួន បន្ទាប់ពីមានការកៀរគរ ឱ្យមានការធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេសជារើយៗដូច្នេះ ដែលទង្វើទាំងនេះ លោកតាចាត់ទុកថា ជាការបង្កើតភាពចលាចលខ្លាំងណាស់ សម្រាប់ជាតិមាតុភូមិ។ ការធ្វើឱ្យមានភាពចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស វាប៉ះពាល់ណាស់ដល់កិត្តិយសជាតិ ធ្វើឱ្យបរទេសដៀលត្មះមកលើជាតិខ្លួនឯង ជាពិសេសប៉ះពាល់ដល់ការងាររបស់ខ្លួនឯង ដែលជាពលករធ្វើការនៅបរទេសតែម្តង។លោកតាបានសង្កត់ធ្ងន់ថា ក្នុងនាមជាពលករដែលមានឈាមជាខ្មែរ ដែលចាកចេញពីប្រទេសកំណើតទៅធ្វើការនៅបរទេស ហើយត្រលប់មកវាយប្រហារលើទឹកដីប្រទេសកំណើតខ្លួនឯង វាមិនត្រឹមត្រូវនោះឡើយ។ តួនាទីនិងកាតព្វកិច្ចរបស់យើងត្រូវតែមានសម្រាប់ជាតិ ប្រសិនបើការប្រព្រឹត្តរបស់បុគ្គលជាពលរដ្ឋខ្មែរ ធ្វើឱ្យបរទេសវាយតម្លៃលើប្រទេសខ្លួនឯង វាជារឿងដ៏អាក្រក់ណាស់ សម្រាប់ជាតិមាតុភូមិរបស់ខ្លួន។លោកតាផ្តាំទៅកូនៗ ចៅៗ ដែលជាពលករខ្មែរកំពុងធ្វើការនៅប្រទេសកូរ៉េ សូមកុំចាញ់បោកការឃោសនាឱ្យមានបាតុកម្ម វាជាល្បិចកលរបស់ក្រុមប្រឆាំងទាំងស្រុង។ សូមជឿជាក់មកលើថ្នាក់ដឹកនាំដែលខិតខំណាស់ សូម្បីតែទៅធ្វើការនៅប្រទេសកូរ៉េ បានចំណូលខ្ពស់នេះក៏ជាការខិតខំរបស់ថ្នាក់ដឹកនាំដែរ។ ដូច្នេះក្នុងនាមជាមនុស្ស ជាឈាមខ្មែរ ត្រូវមានចិត្តស្មោះត្រង់ និងមានគុណធម៌ដល់ជាតិ។ដោយឡែកលោកតា ម៉ៅ យី ជាអាណាព្យាបាលរបស់ពលករនៅសាធារណរដ្ឋកូរ៉េ បានលើកឡើងពីក្តីព្រួយបារម្ភចំពោះការធ្វើឱ្យមានបាតុកម្មជារើយៗ ពីសំណាក់អតីតក្រុមអ្នកនយោបាយ នៅក្រៅប្រទេសដោយគ្មានបានការអ្វីនោះឡើយ។ លោកតាបានប្រដូចការកៀរគរពលករខ្មែរឱ្យចូលរួមបាតុកម្មនេះ គឺជាការផ្តល់គុណវិបត្តិមួយដល់ពលករដោយមិនដឹងខ្លួន ខណៈពួកគេកំពុងមានសុវត្ថិភាព មានសិទ្ធិជ្រកកោណ និងកំពុងធ្វើការនៅបរទេសដើម្បីរកប្រាក់ផ្ញើរមកក្រុមគ្រួសារ។លោកតាបានសង្កត់ធ្ងន់ថា កន្លងមកជាបទពិសោធន៍ហើយរាល់ការធ្វើបាតុកម្មដែលគ្មានអ្វីជាដុំកំភួននោះទេ ក្រៅពីបង្កឱ្យមានចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស។ លោកចោទសួថា តើនណាថាការធ្វើបាតុកម្មគឺជាដំណោះស្រាយ? គ្មាននោះទេបាតុកម្មបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជាតិមាតុភូមិ ជាពិសេសប៉ះពាល់ដល់ស្ថានភាពការងាររបស់ ពលករលើទឹកដីបរទេស។ វាសមមុខណាស់មែនទេ ដែលខ្មែរខ្លួនឯង វាយប្រហារទឹកដីកំណើតខ្លួនឯង នៅលើទឹកដីបរទេស?លោកតាផ្តាំទៅកូនចៅគ្រប់ៗ គ្នាដែលកំពុងធ្វើការនៅប្រទេសកូរ៉េ សូមស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំជ្រួលជ្រើមតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេបាននិងកំពុងបោកប្រាស់កូនចៅហើយ។ លោកតាថា បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ទៅប្រទេសដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់គឺពលករ មិនមែនអ្នកកៀរគរធ្វើបាតុកម្មនោះឡើយ។គួរបញ្ជាក់ថា ការលើកឡើងពីក្តីព្រួយបារម្ភរបស់អាណាព្យាបាលនិងក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរពលករខ្មែរ នៅសាធារណរដ្ឋកូរ៉េសារជាថ្មី ពីសំណាក់ក្រុមអតីតអ្នកនយោបាយប្រឆាំងជ្រុលនិយម ដើម្បីចូលរួមបាតុកម្មប្រឆាំងដំណោះស្រាយរបស់រាជរដ្ឋាភិបាលលើករណីកោះគុតជាមួយភាគីថៃ។ នេះពុំមែនលើកទីមួយទេ ដែលអតីតក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានកៀរគរពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរច្រើនលើសលុបចូលរួមសកម្មភាពរបស់ពួកគេនោះទេ ពីព្រោះពលករបានយល់ឃើញថាការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងគឺគ្មានខ្លឹមសារដែលអាចដោះស្រាយបញ្ហាបាននោះទេ៕