(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងបង្ហាញនូវស្នាដៃនិងសមិទ្ធផលជាបន្តបន្ទាប់កើតឡើងលើទឹកដី សន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ដែលការបង្ហាញទាំងនេះ បានបន្សាបនូវព័ត៌មានមិនពិតជាច្រើនរបស់ក្រុមប្រឆាំង។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅមួយ ក្រោមចំណងជើងថា៖ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកាច់ចង្កួតដោយគណបក្សប្រជាជនកម្ពុជា ទឹកដីខ្មែរនឹងមិនបាត់បង់សូម្បីមួយចង្អាម!ប្រទេសកម្ពុជា បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ខ្លួនជាច្រើនដងរួចមកហើយ ដោយសារតែសង្រ្គាម និងជម្លោះទឹកដី ដែលជារឿយៗត្រូវបានកេងប្រវ័ញ្ចដោយកម្លាំងបរទេសពីខាងក្រៅក្នុងអំឡុងពេលខ្មែរនិងខ្មែរ មានជម្លោះផ្ទៃក្នុងរវាងគ្នានិងគ្នា។ក្រោយទឹកដីខ្មែរទទួលបានសន្តិភាពពិតប្រាកដនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ក្រុមធ្វើនយោបាយប្រឆាំងមួយក្តាប់តូចដែលរស់នៅក្រៅប្រទេស បានព្យាយាមចង់នាំប្រទេស ដែលមានសន្តិភាពរបស់ខ្លួនឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី ក្រោមលេសចោទប្រកាន់រឿងទឹកដីជាដដែលៗ ប៉ុន្តែភាពប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃធ្លាប់ជួយប្រទេសជាតិឱ្យរួចផុតពីសង្គ្រាម និងរួចផុតពីភាពចលាចលកាលពីអតីតកាល បានពង្រឹងទឹកចិត្តពលរដ្ឋខ្មែរ ក្នុងសម័យថ្មីនៃបរិវត្តកម្មឌីជីថល មិនឱ្យធ្លាក់ចូលក្នុងទង្វើធ្វើវិទ្ធង្សនា នៃនយោបាយប្រជាភិថុតិទាំងនោះឡើយ។មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី និងបក្ខពួក បាននិយាយញុះញង់ដោយម្តងចោទថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យបាត់បង់ទឹកដីនាភាគឥសានប្រទេស និងក្រោយមកទៀតបានចោទថា បានធ្វើឱ្យបាត់បង់ទឹកដីកោះគុត និងក្រោយមកទៀតចោទថាកម្ពុជា នឹងប្រឈមការបាត់បង់ប្រាសាទបុរាណតាមាន់តូច ឬតាមាន់ធំរបស់ខ្មែរនោះជាដើម ដែលសម្តីមួលបង្កាច់ទាំងនេះ គឺគ្មានអ្វីក្រៅតែពីការចង់ឱ្យប្រវត្តិសាស្ត្រចាស់ នៃការធ្វើឱ្យប្រទេសមានសង្រ្គាម និងជម្លោះទឹកដី វិលត្រឡប់មកវិញ ដើម្បីតែមហិច្ឆតានយោបាយរបស់ពួកគេតែប៉ុណ្ណោះ។* សម័យសន្តិភាពតេជោ បង្កើនឱកាសកសាងធនធានមនុស្សសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសកលវិទ្យាល័យ South-East Asia នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន មិនបានបាត់អ្វីទាំងអស់ ប៉ុន្តែផ្ទុយទៅវិញគឺកម្ពុជាទើបតែមានឱកាសកសាងធនធានមនុស្ស និងការកសាងជាតិរបស់ខ្លួន ក្នុងសម័យបច្ចុប្បន្នដែលទើបមានសន្តិភាពពេញលេញនេះទេ៖«ខ្ញុំឃើញថា បងប្អូនខ្លះគាត់ទុទិដ្ឋិនិយម គាត់ថា គាត់ភ័យរហូតរាល់ថ្ងៃ គាត់ភ័យរហូតថា ថ្ងៃណាមួយខ្មែរយើង ត្រូវរលាយអស់ហើយបាត់អស់ហើយ។ បាត់ទៅណា? ពី១៩៧៩ សល់៥លាននាក់…អាពតវាយ (សម្លាប់) អស់ប្រមាណ…ឥឡូវឡើង១៧លានហើយៗ កូនមិនតិចទេលឿនណាស់ កើតច្រើនណាស់ ហើយពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានឱកាសជាងជំនាន់មុន។ ជំនាន់បងប្អូន…មើលប៉ុន្មាននាក់ ខ្ញុំសុំបន្តិចដែលថា ជាមនុស្សទី១នៅក្នុងគ្រួសារតតំណ មកហើយដែលជាមនុស្សទី១ ដែលបញ្ចប់ថ្នាក់ឧត្តមសិក្សា…សុំលើកដៃ…មានច្រើន។អញ្ចឹងយើងបានន័យថា យើងគ្រាន់បើជាងជំនាន់ឪពុកម្តាយរបស់យើងហើយ ហើយមានឱកាសច្រើនជាងគាត់ហើយ អញ្ចឹងជំនាន់កូនរបស់យើង យើងនឹងបន្តធ្វើយ៉ាងណាឲ្យកូនរបស់យើងកាន់តែពង្រឹង កាន់តែមានឱកាស និងរឹងមាំខ្លាំងជាងយើងតទៅទៀត។ នេះគឺជាអ្វីដែលគោលដៅ ដែលរដ្ឋាភិបាលដាក់និងត្រូវពង្រឹង បានជាយើងបន្តវិនិយោគទៅក្នុងការកសាង និងអភិវឌ្ឍន៍វិស័យអប់រំនេះ ឱ្យកាន់តែរឹងមាំហើយនេះគឺជាអ្វី។ខ្លាចបាត់ប្រទេស គឺអត់មានអ្វីខុសទេ ខ្ញុំក៏ខ្លាចបាត់ដែរ កូនខ្ញុំបីនាក់ វានៅមានកូនហើយត្រូវជាចៅខ្ញុំ ហើយត្រូវនៅមានបន្តចៅទួត ចៅលួត។ យើងឆ្លងកាត់សង្គ្រាមយូរច្រើនមកហើយ ប៉ុន្តែកុំឱ្យការភ័យខ្លាចនោះ ខ្លាចទៅជាការបាក់ទឹកចិត្ត ហើយមិនខំហើយគិតតែពីមើលគ្នាឯង មិនទុកចិត្តគ្នានោះ ដែលជាកត្តាដែលធ្វើឱ្យបាត់បង់ខ្លាំង តែផ្ទុយទៅវិញបើកាន់តែខ្លាចកាន់តែខំ កូនខ្មែរបើកាន់តែខ្លាចត្រូវខំប្រឹងដើម្បីរៀនសូត្រ ពង្រឹងសមត្ថភាព ម្ចាស់ការខ្លួនឯង បើសិនជាយើងអត់ចេះ ប្រើកុំព្យូទ័រទេ ចង់ធ្វើអ្វី ទាល់ហៅគេមកធ្វើឱ្យអត់ទេយើងធ្វើខ្លួនឯង។បើអ្នកសៀមរាបអត់ចេះទេ អញ្ចឹងធ្វើការរដ្ឋបាលអីទាល់តែដឹកអ្នកពីភ្នំពេញមក? អត់ទេ! កូនចៅអ្នកសៀមរាប ត្រូវមានសមត្ថភាពម្ចាស់ការនៅទីនេះ ជម្រុញអភិវឌ្ឍន៍និងគ្រប់គ្រងគ្រប់វិស័យខ្លួនឯងហើយនេះហើយ គឺជាការវិនិយោគបន្ថែម ហើយឥតឈប់ឈរទៅលើធនធានមនុស្សរបស់រាជរដ្ឋាភិបាល…គឺពង្រឹងការវិនិយោគនិងអភិវឌ្ឍន៍កូនខ្មែរមិនមែនទៅពង្រឹងអភិវឌ្ឍន៍កូនអ្នកណា? ប្រទេសណានោះទេ? គេរបស់គេៗមានប្រទេសគេ រាជរដ្ឋាភិបាលដឹងតែវិនិយោគ ផ្តល់ឱកាសអាហាររូបករណ៍ផ្សេងៗ ឱ្យកូនខ្មែរឱ្យរៀនកាន់តែច្រើន ដើម្បីម្ចាស់ការដឹកនាំប្រទេសតទៅទៀត។នេះហើយគឺជាកិច្ចការសំខាន់ ព្រោះកូនខ្មែរជំនាន់ក្រោយគឺត្រូវដឹកនាំគ្រប់វិស័យទាំងអស់សម្រាប់កម្ពុជារបស់យើង… ហេតុនេះហើយ គឺជាអ្វីនៃការភ័យខ្លាច កុំភ័យខ្លាចបាក់ទឹកចិត្ត តែភ័យខ្លាចត្រូវជាកម្លាំងចិត្តដើម្បីពង្រឹងខ្លាំង តែកុំដេកតែភ័យខ្លាចពេកត្រូវដេក…មានមោទនភាពខ្លួនឯងផង ត្រូវមានមោទនភាពថាកូនខ្មែរមិនអន់ទេ ឱ្យតែផ្តល់ឱកាស»។ប្រវត្តិសាស្ត្របានបង្ហាញថា ដើមហេតុនៃការធ្វើឱ្យខ្មែរបាត់បង់ទឹកដីរបស់ខ្លួនបន្តិចម្តងៗ គឺដោយសារតែភាពបែកបាក់របស់ខ្មែរ ដែលជម្រុញឱ្យប្រទេសកើតមានសង្គ្រាម និងសង្គ្រាមរវាងខ្មែរនិងខ្មែរនោះហើយ បាននាំឱ្យបរទេសជិតខាងរបស់ខ្លួនមានឱកាសបន្លំយកទឹកដី របស់ខ្មែរតាមព្រំដែនទឹកនិងព្រំដែនគោក។ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមរយៈពេលជិត៣០ឆ្នាំ ដែលសម្លាប់មនុស្សច្រើនលាននាក់ និងធ្វើឱ្យខ្មែររងទុក្ខវេទនាព្រាត់ប្រាស់គ្នានោះ ទីបំផុតត្រូវបានបិទបញ្ចប់ដោយសារយុទ្ធសាស្ត្រឌីហ្វីឌ នៃនយោបាយឈ្នះឈ្នះ រយៈពេល ១០៥២យប់និងថ្ងៃ តាមរយៈនយោបាយដ៏ពិសិដ្ឋដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះហើយ សន្តិភាពបានរះយ៉ាងត្រចះត្រចង់ ២៦ឆ្នាំរួចមកហើយលើទឹកដីកម្ពុជា និងនយោបាយឈ្នះឈ្នះ ដែលទ្រទ្រង់នូវសន្តិភាពដ៏រុងរឿង នឹងត្រូវបន្តវត្តមានជានិច្ចជាកាលលើទឹកដីកម្ពុជាថែមទៀត តាមរយៈយុវជនជំនាន់ក្រោយបន្តវេនរបស់ខ្លួន។* តម្លៃសន្តិភាពរយៈពេល២៦ឆ្នាំ បន្សាបព័ត៌មានបំពុល២៦ឆ្នាំរួចមកនេះ សន្តិភាពក្រោមនយោបាយឈ្នះឈ្នះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា មានឱកាសកសាងប្រទេសសាឡើងវិញ បើទោះបីជាក្រុមធ្វើនយោបាយប្រឆាំង បានបន្តរារាំងការអភិវឌ្ឍប្រទេសជាតិខ្លួនឯង ដោយមិនចង់ឱ្យគេឃើញនូវតម្លៃសន្តិភាពកើតឡើងក្នុងប្រទេសកម្ពុជាឡើយ។នៅពេលដែលតម្លៃសន្តិភាព បាននិងកំពុងឆ្លុះបញ្ចាំងជាក់ស្តែងនូវភាពរស់នៅដោយសុខសាន្តជាមួយការអភិវឌ្ឍជាតិកម្ពុជានោះ, ក្រុមធ្វើនយោបាយប្រឆាំង នៅតែបន្តកេងប្រវ័ញ្ចនយោបាយលើបញ្ហាបូរណភាពទឹកដី និងពួកគេបានព្យាយាមណាស់ក្នុងការនិយាយពង្វក់អារម្មណ៍ដល់ប្រជាពលរដ្ឋ ពីព្រោះគោលដៅរបស់ពួកគេ គឺការបង្កើតភាពវឹកវរនិងបំផ្លាញស្ថិរភាពជាតិ។ ដូចប្រសាសន៍របស់សម្តេចបវរធិបតី ដែលបានបញ្ជាក់ប្រាប់នូវអ្វីដែលជាតម្លៃសន្តិភាព៖«បងប្អូនខ្លះឱ្យនិយមន័យអីផ្សេងៗខ្ញុំមិនដឹងទេ, ខ្ញុំដឹងថាតម្លៃនៃសន្តិភាព មាន ឬ មិនមានហើយពេលដែលយើងដឹងធំបំផុត ពេលណាដែលយើងចាប់អារម្មណ៍នៃតម្លៃសន្តិភាព, ពេលដែលយើងអង្គុយទីនេះ ប្រហែលបងប្អូនខ្លះគិតថា វាមិនដែលទេ រឿងតែប៉ុណ្ណឹងមិនដឹងសន្តិភាពស្អីទេ…ប៉ុន្តែគ្រប់គ្នាគេឱ្យតម្លៃសន្តិភាព នៅពេលដែលវាបាត់។អ្នកដែលឆ្លងកាត់សង្រ្គាមធ្លាប់ហើយ, ម្សិលមិញ ខ្ញុំជិះមកឃើញរូបនៅហ្វេសបុកមួយនៅភូមា ម្នាក់គាត់ថត ហើយរណ្តៅនោះសុទ្ធតែក្មេងៗរត់ពួន ខ្លះយំ ខ្លះសូត្រធម៌ មានអា៤ឆ្នាំ រហូតដល់១០ឆ្នាំ, នៅពេលដែលកប៉ាល់ហោះ នៅខាងលើត្រៀមទម្លាក់គ្រាប់បែកនៅភូមិមួយ ដែលកាន់កាប់ដោយកម្លាំងប្រឆាំងរដ្ឋបាល។ កូនខ្មែររបស់យើង…ថ្ងៃមុនខ្ញុំទៅប្រាសាទអង្គរវត្ត ខ្ញុំជួបជាមួយបងប្អូននាំភ្ញៀវបកប្រែ… មានប្អូនស្រីម្នាក់គាត់ធ្លាប់រស់នៅខាងជិតវត្តមួយ គាត់ចាំថា កាលគាត់នៅក្មេង ឱ្យតែផ្ទុះអាវុធ គាត់រត់ចូលអង្គរ គាត់រត់ចូលទៅពួនក្នុងអង្គរ…មិនមែនទេសចរណ៍ដូចអញ្ចឹងទេ…មិនមែនទេសចរណ៍ នាំគ្នារត់លេងមកថត រត់ពួនក្នុងប្រាសាទដោយសុវត្ថិភាព, អត់ទេ ពេលនោះ គឺរត់មែនទែនព្រោះគេវាយគ្នា។នេះខ្ញុំនិយាយតែទិដ្ឋភាពនៅសៀមរាបទេ។ ឆ្នាំ១៩៩០ជាង អ្នកដែលមកវិនិយោគធ្វើអូតែលដំបូង គឺ ឯកឧត្តម សៀង ណាំ… គេសើចគាត់មកវិនិយោគអីនៅហ្នឹងមិនទាន់ឈប់វាយគ្នាផង, តែឥឡូវអត់ទេ យើងមាននៅថ្ងៃនេះក៏កើនដែរ…ត្រូវហើយភ្ញៀវឡើងចុះ ប៉ុន្តែយើងមានហើយភ្ញៀវនឹងកើនឡើងទៅទៀត…ប៉ុន្តែកាលដែលយើងអង្គុយនៅទៅនេះ…ហ៊ានដាក់ទុនវិនិយោគបង្កើតអូតែលប៉ុណ្ណេះ ក៏ដោយសារយើងមានសន្តិភាព និងស្ថិរភាព»។រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារព្រំដែនកម្ពុជាតាមរយៈក្របខ័ណ្ឌច្បាប់ និងការចរចាការទូតជាមួយប្រទេសជិតខាង។ ការប្រើប្រាស់ផែនទី និងកិច្ចព្រមព្រៀងព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ គឺជាធានាថា ដីរបស់កម្ពុជានៅតែត្រូវបានការពារ ដោយមិនចាំបាច់មានជម្លោះប្រដាប់អាវុធ ឬអស្ថិរភាពនោះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជានឹងបន្តរក្សាបូរណភាពទឹកដីដោយការប្ដេជ្ញាចិត្តមិនងាករេ។អនាគតរបស់ប្រទេសកម្ពុជា គឺស្ថិតនៅក្នុងរង្វង់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ដូច្នេះដើម្បីប្រឆាំងនឹងការធ្វើវិទ្ធង្សនា និងនយោបាយប្រជាភិថុតិ របស់ក្រុមជ្រុលនិយមដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី, ប្រជាជនកម្ពុជា ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់គ្រប់វិនាទី ប្រឆាំងនឹងការប៉ុនប៉ងញុះញង់ឱ្យមានការបែកបាក់ និងជម្លោះចាក់ចុចឱ្យមានការស្អប់ការដឹកនាំរាជរដ្ឋាភិបាលតាមរយៈការបង្កើតព័ត៌មានមិនពិត។ ប៉ុន្តែតម្លៃសន្តិភាពរយៈពេល ២៦ឆ្នាំមកនេះ តែងបន្សាបព័ត៌មានក្លែងក្លាយជាប្រចាំ បើទោះបីជាក្រុមបំពុលសង្គម នៅតែព្យាយាមទង្វើទុច្ចរិតរបស់ខ្លួនយ៉ាងណាក៏ដោយ។សម្តេចបវរធិបតី បានថ្លែងប្រាប់យុវសិស្សនៅក្នុងខេត្តសៀមរាបថា កន្លងមកនេះក្រុមប្រឆាំង បានបង្កើននូវអំពើជេរប្រមាថ និងការផ្សាយព័ត៌មានមិនពិតជាច្រើន ដើម្បីតែការចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែសម្តេចបានបញ្ជាក់ថា ការផ្សាយប៉ុនប៉ងមួលបង្កាច់បង្ខូចដល់កេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាលកម្ពុជានោះ គង់តែសាបសូន្យទៅវិញ ដោយសារតែឆន្ទៈមុះមុត និងទង្វើជួយជាតិពិតប្រាកដរបស់រាជរដ្ឋាភិបាលដោយគ្មានភាពរួញរាឡើយ៖«ក្រុមការងារនយោបាយគេជេរ គេបង្អាប់, ទៅ! អ្នកឯងជេរអី ជេរទៅ! អ្វីដែលសំខាន់ខ្ញុំ ត្រូវខំប្រឹងឱ្យប្រជាពលរដ្ឋខ្ញុំបានផល បានតិច បានច្រើន យើងនឹងខិតខំបន្តទៀតមន្ត្រីទាំងអស់ រួមគ្នាធ្វើការទៅ, ចុះជួបជាមួយពលរដ្ឋ ចុះជួបជាមួយនិស្សិត បងប្អូនបានទទួលផលជាក់ស្តែង ការខិតខំប្រឹងប្រែងរបស់បងប្អូននៅក្នុងទិដ្ឋភាពជាក់ស្តែងនេះ គ្មានអីល្អឥតខ្ចោះទេ តែក៏កុំផ្តោតតែរឿងអវិជ្ជមាន គឺដាក់ទិសដៅវិជ្ជមាន»។រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា បានបង្ហាញពីការយកចិត្តទុកដាក់ការពារផលប្រយោជន៍ជាតិ ដោយធានាថាទឹកដីកម្ពុជា នឹងមិនត្រូវបាត់បង់ឱ្យទៅបរទេសឡើយ សូម្បីតែមួយចង្អាមក៏ដោយ។ ដូច្នេះយើងជាយុវជននៃទំពាំងស្នងឫស្សី និងជាប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវតែមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា៕