រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ មានសារសំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម

Wait 5 sec.

(ភ្នំពេញ)៖ ក្នុងឱកាសពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចឱ្យដឹងថា វិស័យទេសចរណ៍ មានលក្ខណៈជាប្រព័ន្ធជាវិស័យអាទិភាព ត្រូវបានកំណត់ជា «មាសបៃតង» រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារនិងមុខរបរ ប្រាក់ចំណូល ជំរុញការនាំចេញនៅនឹងកន្លែង ទាក់ទាញការវិនិយោគ ការអភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ ការការពារធនធានធម្មជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រទេសដៃគូ និងអង្គការជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញជាបណ្តើរៗ ចាប់ពីឆ្នាំ២០២២មក បើទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ នៅបន្តមានឥទ្ធិពលនៅឡើយ។ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យឯកជនឱ្យកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។ជាក់ស្តែង ឆ្នាំ២០២៤កន្លងទៅ កម្ពុជាទទួលទេសចរអន្តរជាតិបានជាង៦.៧លាននាក់ កើនឡើង ២២.៩% ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិប្រមាណ២២.៥លាននាក់ កើនឡើងជាង២០% រួមជាមួយចំណូលទេសចរណ៍បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ៣.៦ពាន់លានដុល្លាអាមេរិក៕