រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គតម្រង់ទិសស្តីពី «ការពង្រឹងការផ្តល់សេវាសុខាភិបាល គុណតម្លៃក្នុងការប្រាស្រ័យទាក់ទង រវាងគ្រូពេទ្យ និងអ្នកជំងឺ»

Wait 5 sec.

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំវគ្គតម្រង់ទិស ស្ដីពី «ការពង្រឹងការផ្តល់សេវាសុខាភិបាល គុណតម្លៃក្នុងការប្រាស្រ័យទាក់ទង រវាងគ្រូពេទ្យ និងអ្នកជំងឺ» ដល់គ្រូពេទ្យ ដែលបម្រើការចំណុះរដ្ឋបាលរាជធានីភ្នំពេញ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី។ថ្លែងក្នុងឱកាសនោះ លោក កើត ឆែ បានលើកឡើងថា គ្រូពេទ្យ និងគ្រូបង្រៀន សុទ្ធតែជាអ្នកមានគុណ ពោលគ្រូបង្រៀន ដែលជាមាតាទី២ អាចបង្រៀនយើងឲ្យចេះដឹងបានត្រឹមតែក្នុងរយៈពេលយ៉ាងច្រើនជាង២០ឆ្នាំប៉ុណ្ណោះ តែសម្រាប់គ្រូពេទ្យ មានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យ មានគុណប្រយោជន៍ចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ស្លាប់ មានន័យថា មិនទាន់មានកូន ក៏ទៅប្រឹក្សាជាមួយគ្រូពេទ្យ មានផ្ទៃពោះ សម្រាលកូនក៏ត្រូវការគ្រូពេទ្យ ពោលគឺមនុស្សគ្រប់រូបត្រូវការគ្រូពេទ្យ។លោក កើត ឆែ បានបន្តថា សុខភាពជារឿងសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាសុខមាលភាពប្រជាពលរដ្ឋនេះ។ បើប្រជាពលរដ្ឋមានសុខភាពល្អ កម្លាំងរឹងមាំ យើងនឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ ឬជាប្រទេសអ្នកមាន។លោកបញ្ជាក់ថា ការអញ្ជើញលោកគ្រូ អ្នកគ្រូពេទ្យ មកបណ្តុះបណ្តាលក្នុងវគ្គតម្រង់ទិសខាងលើនេះ គឺមិនមែនមានន័យថា គ្រូពេទ្យ មានកំហុសឆ្គង ឬបំពេញការងារ មិនល្អនោះទេ។ គ្រូពេទ្យកន្លងមកនេះ បានបំពេញការងារល្អណាស់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ជាក់ស្តែងក្នុងដំណាក់ការ នៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារគុណសម្បត្តិ លោកគ្រូ អ្នកគ្រូពេទ្យ បានធ្វើឲ្យប្រជាពលរដ្ឋស្លាប់តិច។ ការបណ្តុះបណ្តាលក្នុងវគ្គតម្រង់នេះ គឺដើម្បីឲ្យគ្រូពេទ្យបានដឹងពីគុណតម្លៃរបស់ខ្លួនឯង បំពេញនូវចំណុចខ្វះខាត ឈានទៅបំពេញអំពើជាកុសល ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសរួមគ្នាទប់ស្កាត់ការវៃប្រហារពីក្រុមអគតិ ថាគ្រូពេទ្យ មិនល្អ គ្មានវិជ្ជាជីវៈ។សូមជម្រាបថា វគ្គតម្រង់ទិសស្តីពី ការពង្រឹងការផ្តល់សេវាសុខាភិបាលខាងលើនេះ មានគោលបំណង ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាល តាមរយៈការចូលរួមអនុវត្ត គោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយការលើកកម្ពស់សមត្ថភាពផ្តល់សេវា ថែទាំសុខភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលខ្លឹមសារ ផ្តោតសំខាន់លើ កំណារពារ និងព្យាបាលជម្ងឺផ្លូវចិត្ត តាមរយៈទំនាក់ទំនងដោយពាក្យសម្តី និងកាយវិការល្អ (ឥរិយាបថល្អ) ដើម្បីទទួលបាននូវគុណ តម្លៃខ្ពស់ (កេរ្តិ៍ឈ្មោះ កិត្តិយសល្អ)។ក្រោយពីសិក្សារួច សិក្ខាកាមនឹងទទួលបានការយល់ដឹងនូវវិធីប្រាស្រ័យទាក់ទង ដើម្បីទទួលបាននូវប្រសិទ្ធផល សុជីវធម៌ សីលធម៌ ក្នុងការប្រតិបត្តិល្អនូវ (កាយ វាចា ចិត្ត) ក្នុងទំនាក់ទំនង ទាំងពាក្យសំដី និងមិនមែនពាក្យសម្តី (កាយវិការ) យល់ដឹងនូវវិធីគ្រប់គ្រងចិត្ត គំនិត និងអារម្មណ៍ ដើម្បីធ្វើឲ្យទំនាក់ទំនងមានគុណតម្លៃខ្ពស់៕