(កំពង់ស្ពឺ)៖ ក្រុងច្បារមន គឺជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកទាំង៩របស់ខេត្តកំពង់ស្ពឺ ហើយក្រុងនេះនឹងក្លាយជាក្រុងទេសចរណ៍គ្មានផ្សែងបារីនៅពេលខាងមុខដ៏ខ្លី។ នេះបើយោងតាមការលើកឡើងរបស់លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងសុវត្ថិភាពដើម្បីរៀបចំក្រុងច្បារមន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នៅបណ្ណាល័យខេត្តកំពង់ស្ពឺ។លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការត្រួសត្រាយផ្លូវ និងត្រៀមលក្ខណៈសម្បត្តិក្នុងការជំរុញទីក្រុងច្បារមន ឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅពេលខាងមុខ ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។ផ្អែកតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី កាលពីឆ្នាំ២០២២ គ្រប់ក្រុង ស្រុក ខណ្ឌ គឺអាចរៀបចំខ្លួនឱ្យក្លាយជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» រួមមាន៖*ទី១៖ អាជ្ញាធរត្រូវជំរុញឱ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងដែនសមត្ថកិច្ចទេសចរណ៍។*ទី២៖ ក្រុង-ស្រុករបស់ខ្លួន ត្រូវអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ជាពិសេសគឺត្រូវធ្វើជាគំរូតាមរយៈការអនុវត្តវិធានការហាមឃាត់ការជក់បារីស្របតាមច្បាប់។ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ នៃផលិតផលថ្នាំជក់តាមរយៈយុទ្ធនាការសាធារណៈនានានិងមិនសហការជាមួយឧស្សាហករថ្នាំជក់ឡើយ។លោក ហោ សារុន បានបញ្ជាក់ថា កន្លងមកក្រសួងទេសចរណ៍ ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ យកក្រុងច្បារមន ដាក់ចេញយុទ្ធនាការ «គ្មានផ្សែងបារីក្នុងវិស័យ ទេសចរណ៍» ដែលការណ៍នេះធ្វើឡើងក្នុងគោលដៅប្រែក្លាយក្រុងច្បារមន ជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» តាមរយៈការចូលរួមអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅក្នុងចំណោមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នៅក្នុងក្រុងនេះផ្ទាល់។ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ តាមរយៈយុទ្ធនាការនេះ ការអនុវត្តវិធានការហាមជក់នៅកន្លែងដែលច្បាប់ហាមឃាត់ ត្រូវបានលើកកម្ពស់ការអនុវត្តឲ្យបានល្អប្រសើរ និងគួរឱ្យកត់សម្គាល់។ ជាពិសេសការបិទស្លាក ហាមជក់ ការមិនសហការ និងមិនផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ជាដើម នៅតាមបណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នានា។ដើម្បីជំរុញឱ្យការអនុវត្តនេះប្រព្រឹត្តិទៅបានរលូន និងឆាប់រហ័ស រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយវិធានសុវត្ថិភាព ទេសចរណ៍ទាំងអស់នោះ ក្នុងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវ អនុវត្តឱ្យបានត្រឹមត្រូវ ពិសេសក្នុងថ្ងៃឈប់សម្រាកឱកាសចូលឆ្នាំខាងមុខនេះ ដែលនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិធ្វើដំណើរមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តច្រើន៕