(បន្ទាយមានជ័យ)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលោក ឃូ ពៅ ជាអភិបាលរងខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងសមាជិក សមាជិកជាច្រើនរូបទៀតផងដែរ។លោក ឃូ ពៅ ក្រោយពេលបានប្រកាសអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តថ្មី រួចមកលោកបានឡើងប្តេជ្ញាចិត្តថា ដោយថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងលោក ជាអភិបាលរង ខេត្តបន្ទាយមានជ័យ និងប្តេជ្ញាចិត្តថាខិតខំបម្រើការងារក្នុងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលខេត្ត គោរពរដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ។ក្នុងឱកាសនោះលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ឃូ ពៅ ដែលបានខិតខំបម្រើជាតិ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកបានល្អ ហើយត្រូវបន្តសហការគ្នា ក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនបន្តទៀត។លោកបានជំរុញអភិបាលរងខេត្ត ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូល ឲ្យទទួលបានភាពរីកចម្រើនទៅមុខ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាន នៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្ត ឲ្យកាន់តែមានការអភិវឌ្ឍជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។លោក ប៊ុន ហុន បានសំណូមពរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នាដើម្បីដឹកនាំ និងកសាងខេត្តឲ្យទទួលបានជោគជ័យ ថែមទៀតផងដែរ៕