(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ព្រឹត្តិការណ៍បង្ហាញម៉ូតផលិតផល BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក គឺព្រឹត្តិការណ៍មួយ ដែលពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលធ្វើឱ្យកម្ពុជាចំណេញទាំងសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។ព្រឹត្តិការណ៍បង្ហាញម៉ូតផលិតផល BVLGARI បានរៀបចំនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ដោយមានការចូលរួមជាភ្ញៀវពិសេសដោយ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។លោក មាស សុខសេនសាន បានលើកឡើងបន្តថា ការបង្កើតឱ្យមានព្រឹត្តិការណ៍នេះឡើង គឺជាការខិតខំប្រឹងប្រែងរបស់ លោកជំទាវ ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះ កើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាក្រុមហ៊ុននេះ មានជម្រើសច្រើនក្នុងការរៀបចំព្រឹត្តិការណ៍នេះ។យ៉ាងណាមិញ ដោយសារកត្តាស្ថេរភាពនយោបាយ សុខសន្តិភាព និងកត្តាសន្តិសុខសណ្តាប់ធ្នាប់ បានធ្វើឱ្យក្រុមហ៊ុនមួយនេះ សម្រេចចិត្តមករៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ដើម្បីបង្ហាញផលិតផលថ្មីរបស់គេ ជាកន្លែងជួបជាមួយអតិថិជន និងចង់ផ្សារភ្ជាប់ប្រវត្តិសាស្រ្តដែលកើតមានតាំងពីយូរលង់ និងអមតៈរបស់ក្រុមហ៊ុន ជាមួយនឹងប្រាសាទបុរាណរបស់កម្ពុជា ដែលមានប្រវត្តិកាលដ៏យូរលង់ និងមានភាពអមតៈដូចគ្នា។លោកបានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា គឺបានបង្ហាញឱ្យឃើញថាកម្ពុជាបានប្រែមុខមាត់ថ្មី។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំនូវធនធាន និងអតិថិនរបស់ BVLGARI រួមទាំងតារាល្បីប្រមាណជាង៤៧០នាក់ មកពី១១ប្រទេស។ ការចូលរួមរបស់ពួកគេបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមរបស់ពួកគេ ដែលវានឹងនឹងផល់ចំណេញដល់កម្ពុជា ទាំងសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌៕