សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ BVLGARI រៀបចំតាំងពិព័រណ៍គ្រឿងអលង្ការប្រណិតៗ នៅសៀមរាប ដោយសារជឿជាក់លើសមត្ថភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា និងកិត្តិសព្ទដ៏ល្បីល្បាញរបស់អង្គរ

Wait 5 sec.

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការប្រណិតៗ របស់ក្រុមហ៊ុន BVLGARI របស់ប្រទេសអ៉ីតាលី ដែលរៀបចំនៅខេត្តសៀរាបអង្គរ។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។សម្តេចបវរធិបតីលើកឡើងទៀតថា «ការដែលក្រុមហ៊ុនគ្រឿងអលង្ការប្រណិតលំដាប់ពិភពលោក បានមករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក»។សូមជម្រាបថា BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯកដ៏ល្បីលំដាប់ពិភពលោក នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។ កម្មវិធីដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមជាភ្ញៀវពិសេសដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ការបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ក៏មានវត្តមានតារាសម្តែងរបស់កម្ពុជា កញ្ញា ស៉ីន យូប៊ីន, តារាសម្តែងរបស់ថៃ កញ្ញា Mai Davika, តារាសម្តែងថៃ Mile Phakphum, តារាសម្តែងសិង្ហបុរី Shawn Thia, តារាសម្តែងសិង្ហបុរី Ayden Sng, តារាចម្រៀងវៀតណាម Ho Ngoc Ha, បវរកញ្ញាហ្វីលីពីន និងជា Miss Univers ២០១៥ ឈ្មោះ Pia Wurtzbach ព្រមទាំងតារាល្បីៗជាច្រើនទៀត មកពីជុំវិញពិភពលោក។ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយបណ្តាញព័ត៌មាន Fresh News លោក Jeffery Hang នាយកគ្រប់គ្រងប្រចាំតំបន់ បានឲ្យដឹងថា BVLGARI ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ គឺមានអាយុកាល ១៤១ឆ្នាំហើយ ដោយលោកស្រី Sotirios Voulgaris ក្រុងទីក្រុងរ៉ូម។នៅពេលសួរពីមូលហេតុដែលខេត្តសៀមរាប ត្រូវបានជ្រើសរើសរៀបចំការបង្ហាញម៉ូត BVLGARI លោក Jeffery Hang ជាដំបូងបានថ្លែងអំណរគុណដល់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានណែនាំ BVLGARI ដើម្បីស្វែងរកលទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍នេះ កាលពី ១ឆ្នាំមុន។ លោកបានជឿជាក់យ៉ាងមុតមាំថា តម្លៃ BVLGARI ជាពិសេសគ្រឿងអលង្ការទាំងនេះ ដែលត្រូវបានដាក់ឈ្មោះជាចង្កោមថា «Aeterna» មានទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយនឹងរឿងគ្រប់យ៉ាង ដែលតំណាងឲ្យខេត្តសៀមរាប ជាក់ស្តែងប្រាសាទអង្គរវត្តតែម្តង។ចំណែកលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ព្រឹត្តិការណ៍ BVLGARI AETERNA ពិតជាមានសារៈសំខាន់ នៅក្នុងប្រទេសកម្ពុជា។ សំខាន់នៅត្រង់ថា វាជាព្រឹត្តិការណ៍ដែលលើកមុខមាត់ប្រទេសកម្ពុជាទាំងមូលតែម្តង ដែលម៉ាកយីហោកម្រិតពិភពលោក យកកម្ពុជាធ្វើជាទីតាំងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ និងដោយមានការចូលរួមពីបណ្តាញបុគ្គល្បីៗ ជុំវិញពិភពលោក។ជាមួយគ្នានេះ លោកបានលើកឡើងពីអត្ថប្រយោជន៍ចំនួន៣ ពី BVLGARI AETERNA រួមមាន៖ ចំណេញទាំងផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងវប្បធម៌ផងដែរ៕