(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឫទ័យស្តេចយាងប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»។ព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា» ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)»។ ព្រះរាជពិធីត្រូវបានប្រារព្ធឡើងនៅបរិវេណពហុកីឡដ្ឋានមរតកតេជោ។ នេះជាឆ្នាំដំបូងហើយ ដែលព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា» ត្រូវបានប្រារព្ធក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ដែលជាការបង្ហាញឱ្យឃើញពីការយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងលើបញ្ហាបរិស្ថាន។ក្នុងពិធីនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត ក៏ដូចជាមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្ស និស្សិតយ៉ាងច្រើនកុះករ។ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ។ទិវាបរិស្ថានជាតិ ត្រូវបានចារឹកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយនឹងប្រធាន «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៃទិវាបរិស្ថានជាតិ និងពិភពលោកនាឆ្នាំ សព្វថ្ងៃនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសរំលេចពីបញ្ហា ប្លាស្ទិកនៅក្នុងសង្គមកម្ពុជា ដើម្បីទាញការចាប់អារម្មណ៍ក្នុងព្រះរាជពិធី។លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២ភាគរយ ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩ភាគរយ ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកប្លាស្ទិកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិកដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដង ប្រមាណពី ១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។លោករដ្ឋមន្ត្រីបរិស្ថាន បានគូសបញ្ជាក់ថា «អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ប្លាស្ទិកបានបំបែកខ្លួនក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិតទាំងនៅក្នុងទឹកនិងលើគោក។ បំណែកប្លាស្ទិកទំាងនេះ ត្រូវបានរកឃើញនៅក្នុងសរសៃឈាមអាកទែរ សួតនិងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្ដាយ»។រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលមានក្រសួងបរិស្ថានជាសេនាធិការ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីនយោបាយបរិស្ថាន «ភាពស្អាតលើដី» ដែលជាកម្មវិធីផ្តោតសំខាន់លើការគ្រប់គ្រងសំរាម សំណល់រឹង ពិសេសសំណល់ប្លាស្ទិក និងការធ្វើអនាម័យបរិស្ថាន។តាមរយៈកម្មវិធីនយោបាយ «ភាពស្អាតលើដី» លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» «កម្ពុជាស្អាត ខ្មែរធ្វើបាន!» និង «ផ្លូវជាតិ គ្មានសំណល់ប្លាស្ទិក»។ យុទ្ធនាការទាំងនេះ គឺជាការបំផុសស្មារតី និងជំរុញទឹកចិត្តសាធារណជនគ្រប់រូបឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងរួមគ្នាសម្អាតបរិស្ថាននៅតាមលំនៅឋាន ភូមិឋាន ទីសាធារណៈ និងតាមផ្លូវជាតិនានា។ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធជាង ១១លានអង្គ/នាក់ បានប្តេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក។ ជាង៦លានអង្គ/នាក់ បានចូលរួមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» ផ្លូវជាតិ ៥០ខ្សែ ស្មើនឹង ៧៣,៥% នៃចំនួនផ្លូវជាតិសរុប ៦៨ខ្សែ ត្រូវបានសម្អាត។ យុទ្ធនាការទាំងនេះ បានក្លាយជាចលនាជាតិមួយដ៏សំខាន់ ដែលកំពុងផ្លាស់ប្តូរឥរិយាបថប្រជាជនក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ជាមួយគ្នានេះ ការនាំចូលថង់ប្លាស្ទិកបានថយចុះរហូតដល់៨៨%ធៀបនឹងឆ្នាំ២០២៣។ ស្របជាមួយយុទ្ធនាការ យើងក៏បានបន្តកសាងប្រព័ន្ធគ្រប់គ្រងសំរាមសំណល់រឹងឱ្យកាន់តែប្រសើរឡើង ដោយបានបន្តធ្វើការពង្រឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តិនានា ពិសេសការគ្រប់គ្រង ការផលិត ការនាំចូល ការចែកចាយ និងការប្រើប្រាស់ប្លាស្ទិកប្រើតែមួយដង (Single used plastic)។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ អាជីវករ ផ្លាស់ប្តូរមកប្រើប្រាស់សម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុដើមធម្មជាតិ ឬផលិតផលបរិស្ថានដែលអាចប្រើប្រាស់ឡើងវិញ។លោក អ៊ាង សុផល្លែត ក៏បានឱ្យដឹងផងដែរថា ក្រសួងក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការពង្រឹងការប្រមូលជំរុញការញែកសំរាមពីប្រភព និងការកែច្នៃសំណល់ឡើងវិញ។ ក្រសួងក៏បានចែកជូនធុងសំរាមដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព និងបានផ្តល់រថយន្តដឹកសំរាម និងម៉ូតូកង់បី ដល់រដ្ឋបាលក្រុង ស្រុក ឃុំ ដើម្បីជួយសម្រួលដល់ការងារប្រមូលសំរាម។លើសពីនេះ ក្រសួងក៏កំពុងសិក្សាវាយតម្លៃ និងរៀបចំផែនការប្រែក្លាយទីលានចាក់សំរាមចំនួន ២០៦កន្លែងភាគច្រើនជាទីលានចំហ ឱ្យទៅជាទីលានទុកដាក់សំរាមដែលមានសុវត្ថិភាពបរិស្ថានតាមបទដ្ឋានបច្ចេកទេស៕