(ស្វាយរៀង)៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរកឃើញថា មានគណនីហ្វេសប៊ុកជាច្រើន ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង(Hack) ដើម្បីប្រព្រឹត្តបទល្មើសឆបោកប្រាក់ ពីមិត្តភក្តិ ក្រុមគ្រួសារ បានខាតបង់ប្រាក់មួយចំនួន ដូចនេះសូមប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង ប្រើប្រាស់ហ្វេសប៊ុកដោយប្រុងប្រយ័ត្ន។Facebook ផ្លូវការរបស់ស្នងការនគរបាលខេត្តស្វាយរៀង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក៏បានរំលឹកដាស់តឿន បងប្អូនប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក, តេលេក្រាម និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនទៀត ដោយប្រុងប្រយ័ត្ន និងប្រើប្រាស់លេខសម្ងាត់ឲ្យបានខ្លាំង ម្យ៉ាងវិញទៀតសូមកុំចែករំលែកលេខសម្ងាត់បណ្តោះអាសន្ន (លេខOTP) ទៅជនណាម្នាក់ឱ្យសោះ៕