(បាងកក)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។លទ្ធផលនៃកិច្ចប្រជុំនេះបានសម្រេចដូចតទៅ៖- ភាគីទាំងពីរឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។- ភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ប៉ុន្តែភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។- ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។ភាគីថៃក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ៕