(តាកែវ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចោទប្រកាន់ក្រុមក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស, ផ្សំគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តតាកែវ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលបានបញ្ជូនមកពីអធិការដ្ឋាននគរបាលស្រុកទ្រាំង ដែលមានជនសង្ស័យជាក្មេងទំនើងចំនួន៥នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិបារាយណ៍ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ក្រោយពីបានសាកសួរចម្លើយជនសង្ស័យខាងលើ និងបន្ទាប់ពីបានពិនិត្យភស្តុតាងនានាចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង៥នាក់ខាងលើ ពីបទ «លួចមានស្ថានទម្ងន់ទោស, សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ដែលជាបទល្មើសព្រហ្មទណ្ឌមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។ដោយឡែកចំពោះជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។បើយោងតាមលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ, ក្រុមក្មេងចំនួន៥នាក់ ដែលមិនមានពាក់ព័ន្ធ ក៏ត្រូវបានដោះលែងផងដែរ ដោយបានធ្វើការអប់រំណែនាំ និងឲ្យឪពុកម្ដាយមកធ្វើការធានាពួកគេត្រលប់ទៅផ្ទះវិញ៕