(ភ្នំពេញ)៖ Fresh AI របស់បណ្តាញព័ត៌មាន Fresh News ត្រូវបានដាក់ចេញឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីជាភាសាខ្មែរនិងផ្ទុកទិន្នន័យផ្ទាល់ខ្លួន ជាលើកដំបូងរបស់ប្រទេសកម្ពុជា។ Fresh AI មិនត្រឹមតែជាសមិទ្ធផលបច្ចេកវិទ្យាធម្មតាប៉ុណ្ណោះទេ, Fresh AI គឺជាមោទនភាពជាតិ និងជានិមិត្តសញ្ញា នៃភាពរឹងមាំរបស់ជាតិ និងជាស្នាដៃដែលបង្កើតដោយកូនខ្មែរ ជាលើកដំបូង និងជាប្រវត្តិសាស្ត្រ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖ក្នុងតំបន់មួយ ដូចជាតំបន់អាស៊ាននេះជាដើម ខណៈការរីកចម្រើនផ្នែកបច្ចេកវិទ្យាបច្ចុប្បន្នតែងមានភាពប្រទាក់ក្រឡាគ្នាជាមួយដំណើរការសេដ្ឋកិច្ច និងដំណើររីកចំរើននានាទាំងឡាយរបស់ប្រជាជាតិនីមួយៗក្នុងតំបន់នោះ ព្រះរាជាណាចក្រកម្ពុជា ក៏បានបោះជំហានទៅមុខរបស់ខ្លួនគួរឱ្យកត់សម្គាល់ផងដែរ។ ជាមួយនឹងការដាក់ឱ្យដំណើរការកម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI នៃស្នាដៃរបស់កូនខ្មែរជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ជាតិនេះ, កម្ពុជាមិនត្រឹមតែបង្ហាញនូវកម្មវិធីបច្ចេកវិទ្យាសិប្បនិម្មិតដែលផ្ទុកទិន្នន័យផ្ទាល់របស់ខ្លួន ដែលគេអាចសួរនិងដឹងយ៉ាងល្អិតល្អន់អំពីព័ត៌មានកើតឡើង នៅក្នុងប្រទេសកម្ពុជា, ប្រទេសនៅក្នុងតំបន់ និងពិភពលោកបានយ៉ាងស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបញ្ជួនទៅកាន់ពិភពលោកនូវអានុភាពរបស់ប្រទេសកម្ពុជា ដែលអាចមានសមត្ថភាពធ្វើដំណើរតាមប្រកិតពីក្រោយនៃភាពជឿនលឿននៃកត្តាបច្ចេកវិទ្យាដ៏ទាន់សម័យនេះ។* អ្វីទៅជា Fresh AIFresh AI គឺជាវេទិកាបញ្ញាសិប្បនិមិត្ត ដែលបង្កើតឡើងដោយបណ្តាញសារព័ត៌មាន Fresh News ដែលជាបណ្តាញព័ត៌មានដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅខែឧសភា ឆ្នាំ២០២៥ តាមរយៈគំនិតផ្តួចផ្តើមរបស់អគ្គនាយក Fresh News និង CoolApp លោក លឹម ជាវុត្ថា ដែលជាស្នាដៃដ៏លេចធ្លោមួយរបស់កូនខ្មែរ ក្នុងការធ្វើសមាហរណកម្មបច្ចេកវិទ្យាព័ត៌មាន ជាមួយប្រទេសក្នុងតំបន់និងពិភពលោក។Fresh AI គឺជាកម្មវិធីព័ត៌មានដំបូងបង្អស់ ដែលដំណើរការដោយ AI ជាមួយទិន្នន័យបញ្ចូលផ្ទាល់ជាភាសាខ្មែរ និងដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវព័ត៌មានសង្ខេបខ្លីៗដ៏ត្រឹមត្រូវ ជាមួយនឹងអត្ថបទទាក់ទងរបស់វា និងព័ត៌មាននានាពាក់ព័ន្ធនឹងចំណេះដឹងទូទៅជុំវិញពិភពលោក ដែលជួយបង្កើនការយល់ដឹងដល់អ្នកស្រាវជ្រាវនានាជាខ្លាំង។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងបណ្តាញសង្គម នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សម្តែងក្តីកោតសរសើរជាខ្លាំង ចំពោះវេទិកាបញ្ញាសិប្បនិមិត្ត Fresh AI ៖ «ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។ កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលយើងត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន»។សម្តេចតេជោ បានសរសេរបញ្ជាក់បន្ថែមថា « Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងធ្វើឲ្យកាន់តែឆ្លាតវៃក្នុងការរកព័ត៌មាន។ វាជាមោទនភាពរបស់ខ្មែរយើងដែលមានកម្មវិធី AI ព័ត៌មានលើកដំបូងបង្កើតឡើងដោយ អង្គភាពព័ត៌មាន Fresh News។ ខ្ញុំស្នើសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ»។* ពីឆ្នាំ១៩៧៩ ដល់ ២០២៥ ពីគំនរផេះ ទៅដល់បច្ចេកវិទ្យាដើម្បីយល់អំពីសារៈសំខាន់នៃសមិទ្ធផលនេះ យើងត្រូវតែនឹកឃើញពីកន្លែងដែលកម្ពុជាបានចាប់ផ្តើមពីដំបូង។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានរលត់ កម្ពុជាមិនត្រឹមតែមិនទាន់មានសន្តិភាពប៉ុណ្ណោះទេ, អ្នករៀនសូត្រចេះដឹងខ្ពង់ខ្ពស់ជាច្រើន ដូចជាសាស្ត្រាចារ្យ, បញ្ញវ័ន្ត គ្រូបង្រៀន ។ល។ មានសេសសល់តិចតួចជាទីបំផុត ដោយសារតែពួកគេបានបាត់ បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងពេលដែលប្រទេសរងនូវភាពបែកបាក់ផង, មានសង្គ្រាមស៊ីវិលផង, ហេដ្ឋារចនាសម្ព័ន្ធជាតិគ្មានគ្រឹះរឹងមាំផង, ឱកាសចង់កសាងប្រទេសក៏គ្មាន, ធនធានមនុស្សក៏គ្មាននិងពេលនោះ ប្រទេសកម្ពុជា នៅបានរងនឹងការដាក់ទណ្ឌកម្មជាអន្តរជាតិ រយៈពេល១២ឆ្នាំថែមទៀត ដោយសារតែការធ្វើគ ធ្វើខ្វាក់ និងធ្វើថ្លង់ របស់សហគមន៍អន្តរជាតិ ដែលបន្តការទទួលស្គាល់របបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត នៅលើឆាកអន្តរជាតិ។ កម្ពុជាពេលនោះ គ្មានសេសសល់អ្វីឡើយ ប៉ុន្តែកម្ពុជាទោះបីបាន ផ្តើមពីបាតដៃទទេក៏ដោយ មិនបានអស់សង្ឃឹមរបស់ខ្លួនឡើយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសភាពតស៊ូ ប្តូរផ្តាច់រឹងមាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ក្រោយមក ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បានចាប់ផ្តើមដំណើរជួយប្រទេសកម្ពុជាខ្លួនឯងងើបឡើងមកវិញ ក្នុងដំណាក់កាលមួយ នៃការចាប់ផ្តើមកសាងប្រទេសរបស់ខ្លួន ក្រោមម្លប់សន្តិភាពដ៏ពិតប្រាកដ។ សន្តិភាពក្រោមនយោបាយឈ្នះឈ្នះ គឺជាឧបករណ៍នៃគ្រឿងម៉ាស៊ីនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំ និងបច្ចេកវិទ្យា។ កូនខ្មែរដែលកើតនៅបន្ទាប់ពីសង្គ្រាម បានទទួលឱកាសរៀនសូត្រ និងច្នៃប្រឌិត រហូតដល់កម្រិតថ្នាក់ ដែលពួកគេអាចបង្កើត AI ផ្ទាល់ខ្លួនបានជាលើកដំបូង។ដូច្នេះបើទោះបីការប្រកាសប្រើប្រាស់ AI របស់កម្ពុជា មិនមែនជាប្រទេសដំបូងនៅក្នុងអាស៊ានក៏ដោយ ប៉ុន្តែវាជាមោទនភាពរបស់កម្ពុជា ដោយសារតែប្រទេសដែលធ្លាប់ខ្ទេចខ្ទាំដោយសារសង្គ្រាម និងធនធានមនុស្ស ត្រូវបានស្លាប់ដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍ បានប្រឹងប្រែងធ្វើដំណើរទាន់ប្រទេសមួយចំនួនក្នុងតំបន់និងពិភពលោកដែរ។ ការដាក់ដំណើរការ Fresh AI របស់ប្រទេសកម្ពុជានេះ ទោះ ជាយ៉ាងណាក៏ដោយ គឺបានដើរមុនប្រទេសមួយចំនួននៅអាស៊ាន។* នរណាជាអ្នកផ្តួចផ្តើម Fresh AIតាមពិតទៅកម្ពុជា បើគ្មាននយោបាយឈ្នះឈ្នះបំបាត់សង្គ្រាមស៊ីវិលអស់ទាំងស្រុងនាចុងឆ្នាំ១៩៩៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះទេ, ឱកាសធ្វើឱ្យប្រទេសមានសន្តិភាព ដើម្បីការបង្កើតសមិទ្ធផលជាតិ និងស្នាដៃនានា រួមនឹងភាពច្នៃប្រឌិតផ្សេងៗនឹងមិនអាចកើតមានបានឡើយ។Fresh AI មិនមែនជាផលិតផលបរទេសទេ។ វាជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមអ្នកបច្ចេកទេសខ្មែរ ក្រោមការដឹកនាំរបស់អគ្គនាយកបណ្តាញព័ត៌មាន Fresh News និង CoolApp លោក លឹម ជាវុត្ថា។ Fresh AI បង្ហាញពីសមត្ថភាពកើនឡើងរបស់អ្នកបច្ចេកវិទ្យាជំនាន់ថ្មី នៃកូនខ្មែរដែលកើតមកក្រោយសង្គ្រាម។ ពួកគេបន្ទាប់ពីបានក្របជញ្ជក់នូវចំណេះដឹង ក៏បានបង្កើតភាពច្នៃរបស់ឌិត តាមរបៀបខ្មែរ និងត្រូវបានប្រើប្រាស់ដើម្បីបន្ស៊ីចូលរួមជាមួយបច្ចេកវិទ្យារបស់ពិភពលោក។លោក លឹម ជាវុត្ថា ដែលបង្កើត Fresh AI បានរៀបរាប់អំពីផលប្រយោជន៍នៃបច្ចេកវិទ្យានេះ៖ «បាទថ្ងៃនេះ ខ្ញុំរីករាយមែនទែន។ បងប្អូន ខ្ញុំចេញវីដេអូមកជូនដំណឹងដល់បងប្អូនពាក់ព័ន្ធជាមួយនិងកម្មវិធី AI របស់ខ្មែរយើងជាដំបូង។ កម្មវិធី AI ខ្មែរលើកដំបូងនោះ គឺដូចជាបងប្អូនបានជ្រាបហើយ ពីឈ្មោះ Fresh AI ដែលសមិទ្ធផលទី៣របស់ Fresh News គឺទី១ Fresh News, ទី២ គឺ Cool App ទី៣គឺ Fresh AI នេះតែម្តង គឺជាកម្មវិធីឆ្លាតវៃផ្នែកព័ត៌មានដែលអនុញ្ញាតឲ្យបងប្អូនចុចសួរដំណឹងគ្រប់យ៉ាង ដែលពាក់ព័ន្ធជាមួយព័ត៌មាននៅកម្ពុជា ពាក់ព័ន្ធព័តមានលើសកលលោក ជាពិសេសទៅទៀត អាចសួរនូវព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹងទូទៅជុំវិញពិភពលោកតែម្តង។នេះគឺជាសមិទ្ធផលថ្មីរបស់ Fresh AI ហើយថ្ងៃនេះគឺយើងបានដាក់ដំណើរការ ឲ្យបងប្អូនអ្នកប្រើប្រាស់ទាំងអាច Download លើទូរស័ព្ទរបស់បងប្អូនតែម្តង គឺជាលក្ខណ: Version iPhone ដែលបងប្អូនអាច Download Version ទី១នោះ យកមកចុចសួរជាព័ត៌មាន។ ឧទាហរណ៍ថា បងប្អូនចង់ដឹងថា តើដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសជប៉ុនទទួលបាននូវផ្លែផ្កាអ្វី? ទទួលបាននូវអត្ថប្រយោជន៍អ្វីដល់ជាតិ? ឬក៏បងប្អូនអាចសួរថា តើដំណើរទស្សនកិច្ចរបស់ប្រធាននាធិបតីចិន ឯកឧត្តមស៊ី ជិនពីង មកកាន់កម្ពុជា កាលពីខែមេសា គឺមានការចុះហត្ថលេខាអ្វី? នេះគឺជាព័ត៌មានដែលបងប្អូនអាចចុចសួរ AI នូវអ្វីដែលបងប្អូនចង់បាន ឬមួយបងប្អូនអាចសួរនូវអ្វីជាចំណេះដឹងទូទៅ សម្រាប់ជាព័ត៌មានបងប្អូន។ឧទាហរណ៍ថា បងប្អូនបើកកម្មវិធី Fresh AI នៅលើទូរស័ព្ទដៃបងប្អូនហើយបងប្អូនបានចុចសួរថាតើខ្ញុំចង់ដឹង ប្រជាពលរដ្ឋនៅអាស៊ានមានចំនួនប៉ុន្មាន? ក៏ AI នឹងឆ្លើយឲ្យជូនបានបងប្អូន ចំណេះដឹងទូទៅជាច្រើនដែលបានបញ្ចូលរួមជាមួយនិងព័ត៌មានជាច្រើនរហូតដល់ជាង១១ឆ្នាំដាក់បញ្ចូលទៅក្នុងកម្មវិធី Fresh AI ដែលអនុញ្ញាតឲ្យបងប្អូនសួរនាំជាមួយនិងព័ត៌មានដ៏សំបូរបែប។ ប៉ុន្តែអ្វីដែលសំខាន់ គឺជាសមិទ្ធផលថ្មីរបស់កម្ពុជាដែលបង្កើតឡើងដោយ កូនខ្មែរអ្នកធ្វើតែម្តង ហើយសូមឲ្យបងប្អូនជួយគាំទ្រ Support នូវ AI របស់កម្ពុជាលើកដំបូងនេះ ហើយអ្វីដែលសំខាន់នោះបងប្អូន ប្រាដកជានឹងមានភាពភ្ញាក់ផ្អើលនៅពេលបងប្អូន ចុចសួរនូវព័ត៌មានអ្វីដែលបងប្អូនគិតថាចង់បាន។ ចង់ដឹងសូមបងប្អូន Download ហើយសាកល្បងទាំងអស់គ្នា សូមគោរពអរគុណ»។Fresh AI មិនមែនជាសមិទ្ធផលបច្ចេកទេសធម្មតាទេ, Fresh AI គឺជានិមិត្តសញ្ញានៃភាពរឹងមាំរបស់ជាតិ ដែលបង្ហាញថា អ្វីៗដែលធ្លាប់តែត្រូវបានគេបំផ្លិចបំផ្លាញពីអតីតកាល ដូចជា វិស័យសារព័ត៌មានរបស់ខ្លួនផងដែរនោះ ក៏អាចស្ទុះឡើងបានមកវិញនាពេលនេះ ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ និងថែមទាំងបានយកភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់ខ្លួន ចូលរួមក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗបានថែមទៀត ដើម្បីបំរើជាប្រយោជន៍របស់មនុស្សជាតិ។គួរបញ្ជាក់ថា Fresh AI គឺជាសមិទ្ធផលលើកទី៣ហើយរបស់លោក លឹម ជាវុត្ថា។ សមិទ្ធផលទី១ គឺសារព័ត៌មាននាំមុខដ៏ល្បីល្បាញរបស់កម្ពុជា គឺ Fresh News, សមិទ្ធផលទី២ គឺCoolApp ដែលជាបណ្តាញទំនាក់ទំនង Chat ជាលើកដំបូងរបស់កម្ពុជា និងសមិទ្ធផលទី៣ គឺ Fresh AI ដែលជាកម្មវិធីព័ត៌មានឆ្លាតវៃលើកដំបូងរបស់កម្ពុជា ជាពិសេសគឺការប្រើប្រាស់ទិនន្ន័យព័ត៌មានផ្ទុករបស់ខ្លួន ដែលមានជាច្រើនរយលានពាក្យប្រមូលតាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ និងមូលដ្ឋានទិន្នន័យដ៏ទូលំទូលាយនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ ដើម្បីធានាបាននូវការចែកចាយព័ត៌មានបច្ចុប្បន្ន និងពាក់ព័ន្ធ។* សន្តិភាពជាមូលដ្ឋានសម្រាប់អនាគតឌីជីថលអ្វីដែលធ្វើឲ្យ Fresh AI មានអត្ថន័យជាងគេ គឺបរិបទសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដោយសារតែសន្តិភាពនេះហើយ ទោះបីចំណុចចាប់ផ្តើមនៃប្រទេសកម្ពុជា ដែលកាលពីមុននោះទោះបីបានស្ថិតនៅពីក្រោយគេឆ្ងាយយ៉ាងណាក៏ដោយ ប៉ុន្តែ កម្ពុជា នៅតែបោះជំហារដើរតាមយ៉ាងប្រកិត និងអាចតាមទាន់ប្រទេសមួយចំនួន ដែលមិនធ្លាប់កើតមានសង្គ្រាមដូចកម្ពុជានេះឡើយ។ គឺសន្តិភាពពេញលេញ ដែលប្រទេសកម្ពុជាទទួលបានក្រោយចុងឆ្នាំ១៩៩៨ នោះហើយ គឺជាមូលដ្ឋាននៃដើមចម្ងាយផ្លូវធ្វើដំណើររបស់ខ្លួន ចូលទៅកាន់ពិភពឌីជីថលរបស់សកលលោក។Fresh AI មិនត្រឹមតែជាសមិទ្ធផលរបស់កម្ពុជាលើកដំបូងប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពនៃការផ្លាស់ប្តូរយ៉ាងសំខាន់។ ពីប្រទេស ដែលគ្មានអ្វីសេសសល់ទាល់តែសោះក្រោយឆ្នាំ១៩៧៩ នោះស្រាប់តែបានងើបឡើងសាជាថ្មីវិញ ជាពិសេសក្រោយចុងឆ្នាំ១៩៩៨ ដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ។ គឺសុខសន្តិភាពពេញលេញនេះហើយ បានផ្តល់ឱកាសដល់កូនខ្មែរក្នុងការបង្កើតបច្ចេកវិទ្យា Fresh AI ។ទោះបីពិភពលោក អាចតាមដាននូវ ChatGPT របស់សហរដ្ឋអាមេរិក ឬ DeepSeek របស់សាធារណរដ្ឋប្រជាមានិតចិន ក៏ដោយប៉ុន្តែអ្នកស្រាវជ្រាវជាច្រើនក៏មិនរំលងចោលនូវការមើល Fresh AI របស់កម្ពុជាឡើយ។ Fresh AI គឺជាផលិតផលជាតិ ជាមោទនភាពរបស់ ខ្មែរដែលបង្ហាញប្រាប់ពិភពលោកថា កូនខ្មែរក្នុងសម័យតេជោសែន គឺអាចបង្កើតអនាគតរបស់គេដោយពឹលើសមត្ថភាពរបស់ខ្លួនឯងបាន៕