រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងទូតកម្ពុជានៅកូរ៉េខាងត្បូង រួមគ្នាផ្សព្វផ្សាយពី សក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពលរដ្ឋកូរ៉េ និងវិនិយោគិន

Wait 5 sec.

(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើ ការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពទេសចរណ៍វិនិយោគដល់ប្រជាជន និងវិនិយោគិនកូរ៉េ។ជំនួបនេះ ក្នុងឱកាសទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ ( The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានការចូលរួមពីប្រទេសជាង៤០ ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន។ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បាននាំនូវការសាកសួរសុខទុក្ខ និងនឹករលឹកពី សំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដល់លោកស្រី និងសហការីទាំងអស់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺជួយក្នុងយុទ្ធនាការទេសចរណ៍កម្ពុជាក្នុងរដូវកាលបៃតង (Green Season) និងប្រឆាំងព័ត៌មានក្លែងក្លាយអំពីកម្ពុជា៕