(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើល និងលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែសរីរាង្គ និងកសិផល នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃ និងគុណភាព បើទោះបីជាច្រកទ្វារព្រំអន្តរជាតិកម្ពុជា-ថៃត្រូវបានបិទ។លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាព ដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ ទៅក្រៅប្រទេស។លោកស្រីអភិបាលខេត្ត បានរំលឹកថា កន្លងមកក្នុងដំណាក់កាលការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាព ប្រចាំថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើង។លោកស្រីបណ្ឌិត បាន ស្រីមុំ បានបន្តថា នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៍បានរៀបចំ ជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិត ដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយជាក់ ស្តែងបច្ចុប្បន្ន នេះខេត្តប៉ៃលិន បើទោះបីជាច្រកទ្វារព្រំអន្តរជាតិកម្ពុជា-ថៃត្រូវបានបិទ តែមានក្រុមហ៊ុនជាច្រើន កំពុងទទួលទិញ បន្លែផ្លែឈើ និងកសិផលផ្សេងៗទៀត ដើម្បីធ្វើការវេចខ្ចប់ និងសម្ងួតសម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេសដូចជា៖ ប្រទេសចិន និងប្រទេសវៀតណាមជាដើម។លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា ដោយសារគុណភាព នៃការផលិត បច្ចុប្បន្នទីផ្សារបន្លែផ្លែឈើ នៅខេត្តប៉ៃលិន មានស្ថានភាព ល្អប្រសើ ព្រោះពេលដែលកសិករផលិតបាន គឺមានឈ្មួញកណ្តាលមកប្រមូលទិញយកអស់ៗមានពេលខ្លះប្រជាកសិករ សឹងតែផលិតមិនទាន់សម្រាប់ បំពេញតម្រូវការទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែផ្លែឈើ ដែលផលិតបាន ក្រៅតែពីលក់ក្នុងមូលដ្ឋាន គឺមួយចំនួនធំត្រូវនាំ ចេញ ទៅផ្គត់ផ្គង់ទីផ្សារនៅឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់រាជធានីភ្នំពេញ ពិសេសនៅតាមផ្សារ ទំនើបនានាផងដែរ។នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជំរុញឱ្យពួកគាត់ បង្កើនការដាំដុះបន្លែសរីរាង្គឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារលោកស្រីនឹងជួយរកទីផ្សារជូនបងប្អូន ។