ព្រះសង្ឃខ្មែរក្រោម និមន្តទស្សនាបរិវេណព្រះរាជដំណាក់ អាសនៈព្រះអង្គចេក ព្រះអង្គចម និងប្រាសាទអង្គវត្ត

Wait 5 sec.

(សៀមរាប)៖ ព្រះធម្មវិមានត្ថេរ ថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដែលពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី៥-៦ខែកក្កដា ឆ្នាំ២០២៥ បាននិមន្តដឹកនាំព្រះសង្ឃខ្មែរក្រោម ៧អង្គ ទស្សនាបរិវេណព្រះរាជដំណាក់ អាសនៈព្រះអង្គចេក ព្រះអង្គចម និងប្រាសាទអង្គរវត្ត។ដំណើរទស្សនកិច្ចព្រះសង្ឃខ្មែរក្រោម នៅខេត្តសៀមរាប ត្រូវបានទទួលរៀបចំដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក មាស រដ្ឋា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ព្រះរាជដំណាក់ គឺជាព្រះបរមរាជវាំងដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប និងជាទីកន្លែងស្នាក់នៅផ្លូវការនិងបណ្ដោះអាសន្នរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលព្រះអង្គយាងមកកាន់ខេត្តសៀមរាបទឹកដីអង្គរ។ យោងតាមមន្ទីរព័ត៌មានខេត្តសៀមរាបព្រះរាជដំណាក់ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩០៤។ នៅក្នុងសម័យអាណានិគមនិយមបារាំងព្រះរាជដំណាក់បានក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់អតីតព្រះមហាក្សត្រ គឺព្រះបាទនរោត្តម សីហនុ ដែលត្រូវបានគេសន្មត់ថា ព្រះអង្គបានប្រើប្រាស់ព្រះរាជដំណាក់នេះដើម្បីធ្វើផែនការនិងចាប់ផ្តើមស្វះស្វែងរកសេរីភាព ដើម្បីឯករាជ្យភាពរបស់ប្រទេសកម្ពុជាឲ្យរួចផុតពីការត្រួតត្រារបស់ប្រទេសបារាំងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ចំណែកឯព្រះអង្គចេក ព្រះអង្គចម ត្រូវបានប្រជាពលរដ្ឋគ្រប់ៗរូបដែលបានធ្វើដំណើរមកកម្សាន្តនៅក្នុងខេត្តសៀមរាប តែងតែចូលបន់ស្រន់សុំសេចក្តីសុខរួចទើបធ្វើដំណើរកម្សាន្តទៅតាមចំណូលចិត្តរបស់ខ្លួន។ ដោយបារមីនៃព្រះអង្គចេក ព្រះអង្គចម បានធ្វើឲ្យល្បីរន្ទឺសុះសាយជាយូរណាស់មកហើយ និងត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានជំនឿទៅលើព្រះអង្គចេក ព្រះអង្គចមថា ពិតជាមានបារមីស័ក្តិសិទ្ធិនិងជួយថែរក្សាកូនចៅឲ្យជៀសផុតពីជំងឺផេ្សងៗ និងមានសេចក្តីសុខ។ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ និងត្រូវបានឧទ្ទិសដល់ព្រះវិស្ណុនៃសាសនាហិណ្ឌូ។ ទោះជាយ៉ាងណា ក្រោយមកបានប្រែក្លាយទៅជាប្រាសាទព្រះពុទ្ធសាសនា។ ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប ជាទីក្រុងបុរាណមួយក្នុងចំណោមតំបន់ទេសចរណ៍ ដ៏ទាក់ទាញបំផុតលើពិភពលោក ក្នុងមួយឆ្នាំៗ មានអ្នកទស្សនារាប់លាននាក់ ហើយវាត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២។សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក គង់ ប៊ុនលី អគ្គមេបញ្ជាការរងកងអង្គរក្ស បានរៀបចំទទួលបដិសណ្ឋារកិច្ច សម្រាប់ដំណើរទស្សនកិច្ចព្រះសង្ឃខ្មែរក្រោម នៅខេត្តសៀមរាប៕