(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្តីពី ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) លើកទី១៩ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ពិព័រណ៍អន្តរជាតិ ITE-HCMC រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបដិសណ្ឋារកិច្ច ជំរុញខ្សែ ទស្សនកិច្ច Caravan Tour, Self-Drive Tour និង Mekong Cruise Tour ឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម និងការលក់កញ្ចប់ទស្សនកិច្ច «គោលដៅទេសចរណ៍ពីរ កញ្ចប់ទស្សនកិច្ចតែមួយ» ក្រោមប្រធានបទ "Sustainable Tourism, Vibrant Experiences” នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ Saigon Exhibition & Convention Center ទីក្រុងហូជីមិញ ដែលមានការចូលរួមពីបណ្តាក្រុមហ៊ុននានាចំនួនជាង ៤០០ស្តង់ មកពី ៥០ខេត្តទូទាំងប្រទេសវៀតណាម អ្នកទិញអន្តរជាតិចំនួន ២២០នាក់ មកពីជាង ៤០ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាជាង ២៨,០០០នាក់ ព្រមទាំងជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណ ១២,៦០០ជំនួប។ក្រសួងទេសចរណ៍ បានអំពាវនាវដល់សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយ និងចូលរួមការ តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC ខាងលើ សំដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិ និងជំរុញ យុទ្ធនាការ ទស្សនាកម្ពុជារដូវកាលបៃតង ឲ្យមកទស្សនា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្តិភាព ស្អាត និងបៃតង» កាន់តែច្រើន៕