លោក ហេង សួរ៖ កត្តាសន្ដិភាពធ្វើឱ្យយុវជនកម្ពុជាកាន់ប៊ិកជំនួសដោយការកាន់កាំភ្លើងក្នុងសមរភូមិ

Wait 5 sec.

(ភ្នំពេញ)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២ ៤០៩នាក់របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥។ថ្លែងទៅកាន់សមាជិកថ្មីនាឱកាសនោះ លោក ហេង សួរ បានលើកឡើងថា កត្តាសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អ បានធ្វើឱ្យយុវជន​កម្ពុជាកាន់ប៊ិកជំនួស​ដោយការកាន់កាំភ្លើងប្រយុទ្ធក្នុងសមរភូមិ។លោក ហេង សួរ បានមានប្រសាសន៍ថា៖ «បើគ្មានសន្ដិភាពទេនោះបងប្អូនទាំងអស់នឹងមិនអាចស្លៀកពាក់ស្អាតបាត គ្មានឱកាសសិក្សារៀនសូត្រ គ្មានឱកាស​ចូលរួមក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ហើយគ្មានឯកសណ្ឋានល្អៗសម្រាប់ស្លៀកពាក់ដូចពេលនេះទេ រីឯប៊ិកដែលប្អូនៗកំពុងកាន់នេះ គឺមិនមែន​ជាប៊ិកទេ គឺប្រហែលជាកាំភ្លើងដែលប្អូនៗត្រូវកាន់ជំនួសដោយប៊ិក ប្អូនៗសព្វថ្ងៃអាចដេកនៅលើគ្រែមានបន្ទប់ ប៉ុន្ដែបើគ្មានសន្ដិភាព ប្អូនៗអាចទៅដេកនៅត្រង់សេ ឬដេកក្នុងព្រៃផងដែរ»។បន្ថែមលើនេះ លោក ហេង សួរ ក៏បានបញ្ជាក់ទៅកាន់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ក្រោមការដឹកនាំ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប បានធ្វើឱ្យគណបក្ស​ប្រជាជនកម្ពុជា​មានហេ​ដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំគ្រប់ជាន់ថ្នាក់ សាមគ្គីផ្ទៃក្នុង មានធនធានមនុស្សគ្រប់គ្រាន់ក្នុងការដឹកនាំគណបក្សពោរពេញទៅដោយសមត្ថភាព ចក្ខុវិស័យវែងឆ្លាយ​ដែល​ដឹកនាំប្រជាជាតិឈានដល់ការរីកចម្រើន និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបចង់បាន។ទន្ទឹមនឹងនោះ លោក ហេង សួរ បានជំរុញឱ្យសមាជិក សមាជិកាថ្មីទាំងអស់បន្តចូលរួមសាមគ្គីគ្នា ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ៕