(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាប្រធានបទសំខាន់ នៃកិច្ចពិភាក្សានាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន។ លោកក៏បានលើកឡើងថា ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ជប៉ុនគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ចំណែកជប៉ុនមើលឃើញ ថាកម្ពុជាជាដៃគូគន្លឹះមួយនៅក្នុងអាស៊ាន។ការលើកឡើងរបស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ធ្វើឡើងក្នុងងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាប្រធានបទសំខាន់ជាងគេបង្អស់មួយ នៃកិច្ចពិភាក្សានាយករដ្ឋមន្រ្តីកម្ពុជា- និងនាយករដ្ឋមន្រ្ដីជប៉ុន ឯកភាពគ្នាជំរុញទាំងរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំង២ និងដើម្បីបង្កើនការវិនិយោគរបស់ជប៉ុននៅកម្ពុជា។លោកបានថ្លែងបន្ដទៀតថា ជាក់ស្ដែងគឺការដាក់ចេញនូវកញ្ចប់បង្កើតសេដ្ឋកិច្ចរួមរបស់កម្ពុជា-ជប៉ុន គោលដៅនៃការបង្កើតកញ្ចប់រួមនេះ គឺផ្ដល់សន្ទុះថ្មីនៃការរួមចំណែករបស់ជប៉ុន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា តាមរយៈការជំរុញពីខាងរដ្ឋាភិបាលជប៉ុន និងការទាក់ទាញពីខាងកម្ពុជា បណ្ដាក្រុមហ៊ុនជប៉ុនជាច្រើនឡើងៗមកបណ្ដាកទុន រកស៊ីនៅក្នុងប្រទេសកម្ពុជា [......]។លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបញ្ជាក់បន្ថែមថា ដោយឡែកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ក៏ជាប្រធានបទសំខាន់ជាងគេមួយផងដែរ ដែលសម្ដេចបវរធិបតី និងសមភាគីជប៉ុនបានលើកមកពិភាក្សា ក្នុងន័យនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណមិត្តជប៉ុន ចំពោះការបន្ដជួយអភិវឌ្ឍន៍កំពុងផែ ក្រុងព្រះសីហនុ ឲ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលភស្ដុភារកម្មក្នុងតំបន់។ ទន្ទឹមនេះនាយករដ្ឋមន្រ្ដីកម្ពុជា និងនាយករដ្ឋមន្រ្ដីជប៉ុនបានឯកភាពគ្នា ជំរុញការតភ្ជាប់ប្រជាជននិងប្រជាជន ឲ្យកាន់តែស្និតតាមរយៈកិច្ចសហប្រតិបត្តិការណ៍អប់រំ ការងារ និងទេសចរណ៍ [......]។លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបញ្ជាក់ថា «ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅក្នុងប្រទេសជប៉ុននេះ ជាព្រឹត្តិការណ៍មួយយ៉ាងសំខាន់ព្រោះថា ទំនាក់ទំនងកាទូតកម្ពុជាមានចំណាស់៧២ឆ្នាំ មួយទៀតជប៉ុនដើរតួនាទីសំខាន់ណាស់ ក្នុងអភិក្រមក្នុងការស្វែងរកសន្ដិភាពឲ្យប្រទេសកម្ពុជា ជប៉ុនក៏ដើរតួនាទីសំខាន់ណាស់ ក្នុងដំណាកាលនៃការកសាងសេដ្ឋកិច្ចសង្គមកម្ពុជា ឡើងវិញរហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងនាមជាប្រទេសផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានឲ្យដឹងទៀតថា «ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទំនាក់ទំនងកម្ពុជ-ជប៉ុន គឺជាមិត្តភាពយូរអង្វែង ស្និតស្នាល និងប្រកបដោយទំនុកចិត្តយ៉ាងជ្រាលជ្រៅទៅវិញទៅមក។ ចំណែកជប៉ុនដើរតួនាទីសំខាន់ណាស់ ក្នុងវិស័យពាណិជ្ជកម្ម, វិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា ក្នុងន័យនេះចំពោះសម្តេចមហាបវរធិបតី ជប៉ុនជាដៃគូរសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយឡែកកម្ពុជាយល់ឃើញថា តួនាទីរបស់ជប៉ុននៅអាស៊ីអាគ្នេយ៍ ជាកត្តាចំបាច់ក្នុងការរក្សា លើកស្ទួយស្ទេរភាព សន្ដិភាពក្នុងតំបន់។ ទន្ទឹមនេះជប៉ុនមើលឃើញថា កម្ពុជាជាដៃគូរគន្លឹះមួយរបស់ជប៉ុននៅក្នុងអាស៊ាន»។លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបន្ថែមថា សម្តេចមហាបវរធិបតីយល់ឃើញថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងយុទ្ធសាស្រ្ដ ដើម្បីសន្ដិភាពក្នុងតំបន់ ជារួមសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជប៉ុនជាមិត្តពិសេសមួយ ក្នុងបណ្ដាចំណោមមិត្តពិសេសរបស់កម្ពុជា ជប៉ុនជាដៃគូរសេដ្ឋកិច្ចរបស់កម្ពុជា និងជាដៃគូរយុទ្ធសាស្រ្ដតំបន់មួយរបស់កម្ពុជា ពិសេសក្នុងក្របខណ្ឌយុទ្ធសាស្រ្ដនៃការបង្កើត រក្សា ការពារ ស្ថេរភាព និងសន្ដិភាព៕