(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានបង្ហាញពីយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរមូស្លីម នៅរដូវកាលបៃតង (Green Season) ជាមួយក្ដីរំពឹងខ្ពស់ចំពោះការកើនឡើងភ្ញៀវទេសចរមូស្លីមចូលមកលេងកម្សាន្ត នៅកម្ពុជាកាន់តែកើនឡើង ខណៈនៅឆ្នាំ២០២៤ កន្លងទៅទេសចរមូស្លីម បានកើនឡើងដល់ទៅជាង៤០ម៉ឺននាក់។ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី ហួត ហាក់ បានធ្វើឡើងនៅក្នុងឱកាសលោករួមជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន «ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥។លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា «ខ្ញុំបានរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរមូស្លីម នៅក្នុងរដូវកាលបៃតង ឡើងនេះ ពីព្រោះបងប្អូនជនជាតិឥស្លាមគាត់ចូលចិត្តនៅក្នុងរដូវកាលបៃតង ក៏ប៉ុន្តែ សួរថាយើងរៀបចាំហើយ ឬនៅ ដើម្បីទទួលគាត់។ យើងបានរៀបចំការស្នាក់នៅ បដិសណ្ឋារកិច្ច ការហូបចុក ដំណើរកម្សាន្ត និងកន្លែងថ្វាយបង្គំ។ល។»។លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា តាមរយៈការទាក់ទាញភ្ញៀវទេសចរមូស្លីម ឱ្យមកទស្សនាកាន់តែច្រើនៅកម្ពុជា គឺក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់រៀបចំតាមរបៀបភ្ញៀវទេសចរមូស្លីម ជាពិសេសម្ហូបហាល់ឡាល់ កន្លែងថ្វាយបង្គំព្រះជាដើម។ ត្រង់ចំណុចនេះ គឺមានម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាច្រើនបានព្រមព្រៀង ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមូស្លីមផងដែរ។គួរឱ្យដឹរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ផែនការ និងទិសដៅត្រូវបានកំណត់ និងអនុវត្តន៍ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្ពោះទៅកាន់ការបម្រើដល់សេចក្ដីត្រូវការសម្រាប់ទេសចរណ៍មូស្លីម ពោលគឺអ្នកទេសចរមូស្លីមនៅឯបរទេស សម្បូរលុយកាក់ណាស់ គេចង់មកចាយវាយ ដើរលេងកម្សាន្តនៅកម្ពុជា ដូច្នេះយើងជាម្ចាស់ផ្ទះចាំបាច់ណាស់ត្រូវធ្វើបដិសណ្ឋារកិច្ចឱ្យស្របទៅតាមសេចក្ដីត្រូវរបស់ភ្ញៀវមូស្លីមគ្រប់រូប។លោករដ្ឋមន្ត្រី បានកោតសរសើរក្រុមការងារទេសចរណ៍មូស្លីមដែលបានខិតខំធ្វើការលើរឿងនេះបានយ៉ាងល្អនាពេលកន្លងទៅ ហើយលើកទឹកចិត្តឲ្យខិតខំបន្តទៀតឱ្យកាន់តែធំឡើងៗ ដើម្បីទាញភ្ញៀវទេសចរណ៍មូស្លីមអ្នកមានៗ នៅបរទេសមកលេងស្រុកយើងឲ្យកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ពាក្យថា «ទេសចរណ៍មូស្លីម» មិនមែនសំដៅលើកិច្ចការសាសនាឥស្លាមទេ គឺចង់បញ្ជាក់ថា អ្នកមកលេងកម្សាន្តទាំងនោះ គឺជាជនមូស្លីម ដូច្នេះអ្នកមូស្លីមមានរបៀបរបបច្រើនតាំងពីការទទួលទានអាហារ ដែលមានស្លាកសញ្ញាហាឡាល់ ទីតាំងថ្វាយបង្គំបន្ទប់ទឹកដែលឆ្លើយតបដល់ការយកទឹកថ្វាយបង្គំជាដើម។បើសិនកម្ពុជារៀបចំបានគ្រប់ ហើយបានល្អ និងគ្រប់ទីតាំងថែមទៀតនោះ អ្នកទេសចរមូស្លីមប្រាកដជាមកលេងកម្ពុជាកាន់តែច្រើនឡើងៗមិនខាន ដែលនេះពិតជាប្រសើរណាស់សម្រាប់ផលប្រយោជន៍ប្រជាជាតិទាំងមូលតែម្ដង ដូច្នេះ សូមគ្រប់វិស័យឯកជន និងពលរដ្ឋទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយទីតាំងទេសចរណ៍របស់កម្ពុជាឱ្យបានច្រើន៕