(ភ្នំពេញ)៖ ក្រោយមានការចែកចាយវីដេអូក្មេងស្រីក្មេងប្រុសមួយគូអង្គុយឱបថើបគ្នា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីតាំងហាង «ECS DEVELOPMENT COL» ស្ថិតនៅផ្ទះលេខ47E0E1 ផ្លូវ432 ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលបង្ហាញពីសកម្មភាពអសីលធម៌រទាំងកណ្ដាលថ្ងៃត្រង់នោះ អាជ្ញាធរមូលដ្ឋានបានចុះទៅណែនាំ និងអប់រំម្ចាស់ហាងមិនឲ្យមានសកម្មភាពបែបនេះកើតឡើងទៀតឡើយ។ដោយមានការអនុញ្ញាតពីលោក សែន បូតេ ចៅសង្កាត់បឹងត្របែក និងលោកអនុសេនីយ៍ឯក សោម សូនី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក រួមជាមួយកម្លាំងប៉ុស្តិ៍បឹងត្របែក និងមន្រ្តីសាលាសង្កាត់បឹងត្របែក បានសហការចុះទីតាំងយីហោ «ECS DEVELOPMENT COL» និងពិនិត្យឃើញជាក់ស្ដែងថា ទីតាំងហាងមានផ្ទះមួយល្វែងមានចំនួន១ជាន់ខាងក្រោមជាម៉ាត ខាងលើជាហាងកាហ្វេ ដោយមួយបន្ទប់ទៀតសម្រាប់បុគ្គលិកគិតលុយ។ជាលទ្ធផលក្រុមការងារបានអប់រំណែនាំមិនអនុញ្ញាតឲ្យមានទង្វើអសីលធម៌ និងមិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពពាក់ព័ន្ធជួញដូរ ប្រើប្រាស់គ្រឿងញឿន និងប្រមូលផ្ដុំគ្នាប្រើប្រាស់សេបបារីអេឡិចត្រូនិច នៅទីតាំងហាងនេះទៀតជាដាច់ខាត។ ក្នុងករណីនៅតែបន្តសកម្មភាពបែបនេះ ក្រុមការងារនឹងចាត់ទៅតាមច្បាប់ជាធរមាន៕