សកម្មជនគណបក្សប្រឆាំងចំនួន៥៩នាក់ នៅស្រុកបូរីជលសារ ខេត្តតាកែវ បានប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយបក្សប្រជាជន

Wait 5 sec.

(តាកែវ)៖ សកម្មជនមកពីគណបក្សភ្លើងទៀន គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សខ្មែររួមរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៥៩នាក់ នៅឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បានប្រកាសផ្តាច់ខ្លួនពីអតីតគណបក្សរបស់ខ្លួន និងបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ការសម្រេចចិត្តចាកចេញពីគណបក្សដែលខ្លួនធ្លាប់ជឿជាក់រាប់ឆ្នាំនេះ ពីព្រោះតែអស់សង្ឃឹម នឹងជោគវាសនាបក្សប្រឆាំងដែលចេះ តែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ ជាពិសេសការធ្វើនយោបាយ ខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។ពិធីនេះបានរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំបូរីជលសារ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សោម សាម៉េត ប្រធានគណៈកម្មាធិការគណបក្សស្រុកបូរីជលសារ និងលោក អ៊ុក សំនៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ ជាច្រើននាក់ទៀត។ថ្លែងទៅកាន់ សមាជិក សមាជិកា និងសកម្មជនដែលបានចូលរួមជីវភាពនយោបាយ នាឱកាសនោះប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ​បានបង្ហាញការសប្បាយរីករាយនៅពេលឃើញដែលវត្តមានរបស់បងប្អូន សមាជិក សមាជិកា និងសកម្មជនគណបក្សផ្សេងៗនៅថ្ងៃនេះ ហើយការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងសូមបញ្ជាក់ថាគណបក្សប្រជាជនរងចាំបើកទ្វាចំហរជានិច្ច ក្នុងការទទួលដោយកក់ក្តៅបំផុតចំពោះបងប្អូនគ្រប់និន្នាការទាំងអស់ដោយមិនមានការរើសអើងនោះឡើយ។លោក អ៊ុក សំនៀង បានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្ដេចតែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ពោលនៅរួមសុខរួមទុកជានិច្ច មិនដូចក្រុមជ្រុលនិយមមួយចំនួននៅក្រៅស្រុកឡើយ ដូច្នេះលើកទឹកចិត្តឲ្យបងប្អូន សកម្មជនទាំងអស់ ជឿទុកចិត្តក្នុងការចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ហើយរួមគ្នាអភិវឌ្ឍមូលដ្ឋានឃុំបូរីជលសាររបស់យើង ក៏ដូចជាប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនទ្វេឡើងថែមទៀត៕