មន្ត្រីជាន់ខ្ពស់ក្រសួងទូរគមនាគមន៍ ធ្វើបាឋកថាគន្លឹះក្នុងវេទិកាបញ្ញាឌីជីថល៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាការរីកចម្រើនបន្ទាប់របស់វិស័យហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា

Wait 5 sec.

(ភ្នំពេញ)៖ លោក គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាពេលថ្មីៗនេះ បានអញ្ជើញជាវាគ្មិននិងថ្លែងបាឋកថាគន្លឹះ ក្នុងវេទិកា បញ្ញាឌីជីថល៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាការរីកចម្រើនបន្ទាប់របស់វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា(Digital Intelligence and AI is the Next Evolution of Finance in Cambodia) ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) នៅសណ្ឋាគារ Raffles Hotel Le Royal។នៅក្នុងវេទិកានេះ លោក គង់ ផល្លៈ បានថ្លែងសុន្ទរកថាគន្លឹះដែលមានខ្លឹមសារសង្ខេបចំនួន៥ចំណុចគឺ៖ ទី១. ក្របខណ្ឌគោលនយោបាយជំរុញសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលជំរុញដល់ការប្រើប្រាស់និងការវិនិយោគលើបញ្ញាសិប្បនិម្មិត។ ទី២. តួនាទីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពាក់ព័ន្ធនឹង ការរៀបចំផែនការយុទ្ធសាស្រ្តនិងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។ ទី៣. ការប្រើប្រាស' បញ្ញាសិប្បនិម្មិត នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនិង ការចូលរួមឌីជីថលសម្រាប់ទាំងអស់គ្នា។ ទី៤. ការរីកចម្រើនថ្មីនៃរូបិយវត្ថុគ្រីបតូ និងបញ្ញាសិប្បនិម្មិតជាមួយនឹងបែបផែនថ្មីនៃពាណិជ្ជកម្មសកល។និងទី៥ គឺជាផ្តាំផ្ញើរបស់លោកដល់ធុរជន និងអ្នកចូលរួមថា «បញ្ញាសិប្បនិម្មិត មិនមែនគ្រាន់តែជាឧបករណ៍បច្ចេកវិទ្យាដែលជួយការងារយើងប៉ុណ្ណោះទេ ប៉ុន្តែបញ្ញាសិប្បនិម្មិត គឺជា T.O.R.»។លោករដ្ឋលេខាធិការ បានពន្យល់បន្ថែមទៀតថា «T មកពីពាក្យ Transformation (បរិវត្តកម្ម ឬការបម្លែង)៖ មានន័យ យើងគួរតែចាប់យកបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើបរិវត្តកម្មសេដ្ឋកិច្ចឌីជីថល របស់យើង។ O មកពីពាក្យ Opportunities (កាលានុវត្តភាព ឬឱកាស)៖ មានន័យថា គ្រប់អាជីវកម្មទាំងអស់គួរតែចាប់យកឱកាសទាំងនេះ។ R មកពីពាក្យ Responsibility (ទំនួលខុសត្រូវ)៖ មានន័យថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវតែអនុវត្តដោយមានក្រមសីលធម៌ និងមានទំនួលខុសត្រូវ»៕