សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសាររំលែកទុក្ខចំពោះមរណភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ

Wait 5 sec.

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកជំទាវ សាប៊ី ពិន្ថា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។តាមរយៈសារលិខិតនេះ សម្តេចបានលើកឡើងថា៖ «ក្នុងបរិយាកាសដ៏សែនវិយោគសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ស្វាមីជាទីគោរពស្រឡាញ់ ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ ល្អប្រពៃ និងជាការបាត់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការរួមចំណែកដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវស្នាដៃ និងសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនឥតគណនា ស្របតាម ស្មារតី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។ ទោះបីរូបកាយរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកិត្តិយស កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ សេចក្តីថ្លៃថ្នូរ ភាពអំណត់តស៊ូ នឹងស្ថិតស្ថេរក្នុងដួងចិត្តកូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់គ្នាជានិច្ចនិរន្តរ៍»។សម្តេចប្រធានរដ្ឋសភា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេចប្រធានរដ្ឋសភា៖