កម្ពុជា និងអូទ្រីស ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

Wait 5 sec.

(នីស, បារាអ)៖ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទ​លើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ​ចំពោះ​រដ្ឋា​ភិបាល និងប្រជាជនអូទ្រីសដែលបានចូលរួមចំណែក និងគាំទ្រសកម្មភាព​បោស​សម្អាតមីន, ការបណ្ដុះបណ្ដាលធនធានមនុស្ស និងដំណើរការអង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ សម្ដេចមហាបវរធិបតី បាន​សង្កត់​ធ្ងន់ថា ប្រទេសទាំងពីរមានវិស័យសក្ដានុពលជាច្រើនដែលអាចជំរុញ​កិច្ច​សហប្រតិបត្តិការជាមួយគ្នា។សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការពិគ្រោះ​យោ​បល់​ទ្វេភាគី ដោយបានជំរុញឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរបន្ត​ពិភាក្សា​​បន្ថែមទៀតដើម្បីឱ្យយន្តការនេះបានចេញជារូបរាងក្នុងពេលឆាប់ៗ ក្នុងគោល​បំណង​ពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរក​វិស័យ​នៃកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។លោក Sepp Schellhorn បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជា​មួយ​កម្ពុជា​លើវិស័យបោសសម្អាតមីន និងបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុង​នោះ លោករដ្ឋលេខាធិការបានបង្ហាញការស្វាគមន៍ចំពោះអ្នកការទូត​វ័យក្មេង​កម្ពុជា ទៅសិក្សាជំនាញការទូតនៅបណ្ឌិត្យសភាការទូតទីក្រុងវីយែន ប្រទេស​អូទ្រីស។ក្នុងជំនួប លោក Sepp Schellhorn ក៏បានស្នើកម្ពុជា គាំទ្របេក្ខភាពរបស់​អូទ្រីស​ជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អណត្តិ២០២៧-២០២៨។សម្ដេចមហាបវរធិបតី និងលោករដ្ឋលេខាធិការ បានបន្តពិភាក្សាអំពីការប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួលអាកាសធាតុ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បាន​លើក​ឡើងពីកិច្ចខិតខំប្រឹងប្រែង ជាមួយវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា​ក្នុង​ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវ​គំនិត​ផ្ដួច​ផ្ដើមជាច្រើន​ដើម្បីធានានូវចីរភាពបរិស្ថាន, អន្តរកាលថាមពល ជាពិសេសការ​ជំរុញ​ការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជា ដែលបច្ចុប្បន្នសម្រេច​បាន ៦២ភាគរយ និងគ្រោងសម្រេចឱ្យបាន៧០ភាគរយនៅឆ្នាំ២០៣០៕