(ប៉េកាំង)៖ លោក អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសន្និសីទ «2025 Beijing Cybersecurity Conference» ដែលជាកម្មវិធីកម្រិតអន្តរជាតិលើប្រធានបទ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង សន្តិសុខសាយប័រ។កម្មវិធីនេះ មានការអញ្ជើញចូលរួមពីអ្នកតំណាងប្រទេស អ្នកជំនាញសន្តិសុខសាយប័រ និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ មកពីបណ្តាប្រទេសនានាដែលទទួលបន្ទុក ឬកំពុងសិក្សាស្រាវជ្រាវ លើកិច្ចការសន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត ដើម្បីចែករំលែកពីភាពរីកចម្រើន និងផលលំបាកនានានៃការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ក្នុងកម្មវិធីសន្និសីទនេះដែរ លោកបានធ្វើបទបង្ហាញពាក់ព័ន្ធលើការរៀបចំយុទ្ធសាស្ត្រ និងការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមាន៖(១)៖ ដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលនៅប្រទេសកម្ពុជា (២)៖ ការរៀបចំយុទ្ធសាស្រ្តបញ្ញាសិប្បនិម្មិតថ្នាក់ជាតិ (៣)៖ សារៈសំខាន់នៃកិច្ចការសន្តិសុខសាយប័រលើការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង(៤)៖ សារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោកទាំងមូល។ជាមួយគ្នានេះ លោក និងសហការី ក៏បានទទួលផ្តល់បទសម្ភាសន៍ជាមួយ សារព័ត៌មាន CRI-China Radio International លើការវិវត្តថ្មីៗលើកិច្ចការសន្តិសុខសាយប័រ នៅព្រះរាជណាចក្រកម្ពុជាផងដែរ។ឆ្លៀតក្នុងឱកាសនេះ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន QI-ANXIN ដែលជាក្រុមហ៊ុនសន្តិសុខសាយប័រលំដាប់ទី១នៃសាធារណរដ្ឋប្រជាមានិតចិន លោក និងសហការី បានអញ្ជើញទៅទស្សនកិច្ចដោយផ្ទាល់ នៅក្រុមហ៊ុន និងបានពិភាក្សាលើការស្វែងរកកិច្ចសហការលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ ដែលក្នុងកិច្ចពិភាក្សានោះក៏មានក្រុមហ៊ុន Elinc ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលលំដាប់អន្តរជាតិបានចូលរួមផងដែរ៕